(ភ្នំពេញ)៖ ដើម្បីពង្រឹង «គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន» ក្រោយវិបត្តិកូវីដ-១៩ និងលើកស្ទួយឧស្សាហកម្មទេសចរណ៍កម្ពុជា សម្រាប់ទីផ្សារចិន ក្រសួងទេសចរណ៍ បានរៀបចំនិងដាក់ឲ្យដំណើរការប្រព័ន្ធស្នើ សុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន តាមប្រព័ន្ធអនឡាញ ស្របទៅតាមសៀវភៅស China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា និងស្តង់ដារវាយតម្លៃ និងបញ្ជាក់គុណភាព និងទទួលស្គាល់សេវាកម្មទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរចិន។
ប្រព័ន្ធនេះនឹងផ្តល់ភាពងាយស្រួលដល់អាជីវកម្មទេសចរណ៍ ដាក់ពាក្យស្នើសុំការចុះវាយតម្លៃ និងបញ្ជាក់គុណភាពសេវាកម្មរបស់ ខ្លួនឱ្យកាន់តែឆាប់រហ័ស ចំណេញពេលវេលា។
ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍នេះ ប្រតិបត្តិករនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗដូចជា៖
*១៖ ទទួលបានឡាបែលបញ្ជាក់គុណភាព (China Ready Accredited)
*២៖ បង្ហាញថា សេវាកម្មរបស់ខ្លួនមានគុណភាពស្របតាមសៀវភៅស China Ready និងមានការទទួលស្គាល់ដោយ ក្រសួងទេសចរណ៍
*៣៖ ប្រតិបត្តិករទេសចរណ៍ចិន-ភ្ញៀវទេសចរចិន មានទំនុកចិត្តដល់អាជីវកម្មរបស់ខ្លួន
*៤៖ ចូលក្នុងបណ្តាញក្រុមហ៊ុនទេសចរណ៍ទទួលបាន CRA និងផ្សព្វផ្សាយដល់ទីផ្សារចិន។
សូមជម្រាបថា សេវាកម្មទេសចរណ៍ ដែលអាចដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ ត្រៀមទទួលភ្ញៀវទេសចរចិន មានដូចជា៖ សេវាកម្មសណ្ឋាគារ និងស្នាក់នៅ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, ផ្សារទំនើបនឹងហាងលក់វត្ថុអនុស្សាវរីយ៍, សេវាកម្មកម្សាន្ត និងការីទេសចរណ៍-ភ្នាក់ងារទេសចរណ៍។
ក្រសួងទេសចរណ៍សង្ឈឹមថា ម្ចាស់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ នឹងចូលរួមពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនត្រៀមទទួលភ្ញៀវចិន និងដាក់ពាក្យស្នើសុំបញ្ជាក់គុណភាពសេវាកម្មតាមរយៈវែបសាយ http://cambodia-chinaready.com (http://cambodia-chinaready.com/) ឬស្កែន QR code ដូចខាងក្រោម៕