(ភ្នំពេញ)៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ និងបណ្តាធនាគារកណ្តាលនានា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានអបអរសាទរ ដល់លោកស្រីបណ្ឌិត ជា សិរី ក្រោយពីលោកស្រីបណ្ឌិតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ និងបណ្តាធនាគារកណ្តាលនានា ព្រមទាំងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន និងបានបង្ហាញជំនឿចិត្តថា លោកស្រីជាឥស្សរជនដ៏ស័ក្កសមបំផុត ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឱ្យកាន់តែប្រសើរ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារកណ្តាលអឺរ៉ុប (ECB) រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់អន្តរជាតិដូចជា Visa និង Mastercard ជាដើមសុទ្ធតែបានផ្ញើសារសម្តែងការគាំទ្រ ជូនចំពោះលោកស្រីបណ្ឌិត ជា សិរី ក្លាយជាស្រ្តីខ្មែរដំបូងគេ ក្នុងប្រវត្តិសាស្រ្តដែលត្រូវបានព្រះមហាក្សត្រតែងតាំងឱ្យកាន់តួនាទីដ៏សំខាន់នេះ។

ក្នុងសារលិខិតអបអររបស់ធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde ប្រធាន ECB បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឃើញស្រ្តីប្រកបដោយ សមត្ថភាពខ្ពស់ដឹកនាំធនាគារកណ្តាលរបស់ប្រទេសកម្ពុជា ហើយខ្ញុំរីករាយនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែប្រសើរឡើង»

បន្ថែមពីនេះមូលនិធិរូបិយវត្ថុអន្តរជាតិ បានរំលេចក្នុងសារលិខិតថា នឹងទន្ទឹងចាំយ៉ាងរីករាយក្នុងការបន្ត «កិច្ចសហ-ប្រតិបត្តិការយ៉ាងជិតស្និទ្ធ» ជាមួយធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី។

ក្រៅពីស្ថាប័នលំដាប់អន្តរជាតិខាងលើ បណ្តាធនាគារកណ្តាលរបស់ប្រទេសជាច្រើនដូចជា ធនាគារកណ្តាលលុច្សសំបួរ ធនាគារកណ្តាលជប៉ុន ធនាគារកណ្តាលកូរ៉េ អាជ្ញាធររូបិយវត្ថុសិង្ហបុរី និងធនាគារកណ្តាលរបស់ប្រទេស ក្នុងតំបន់អាស៊ានសុទ្ធតែបានបង្ហាញការអបអរសាទរ ដល់លោកស្រីបណ្ឌិត ជា សិរី និងបានលើកឡើងពីភាពជាអ្នកដឹកនាំប៉ិនប្រសប់ និងទស្សនអនាគតច្បាស់លាស់របស់លោកជំទាវ ក្នុងការអភិវឌ្ឍវិស័យធនាគារកម្ពុជា។

លោក Rhee Chang Yong ទេសាភិបាល ធនាគារកណ្តាលកូរ៉េ បានថ្លែងក្នុងសារលិខិតថា «លោកជំទាវ ជា សិរី មានចំណេះជំនាញជ្រៅជ្រះ និងមានបទពិសោធន៍ពេញលេញ ប្រកបដោយវិជ្ជាជីវៈក្នុងជំនាញធនាគារកណ្តាល។ ការតែងតាំងនេះពិតជាស័ក្កសមបំផុត ខ្ញុំជឿជាក់យ៉ាងមុតមាំថា ធនាគារជាតិនៃកម្ពុជានឹងកាន់តែឈានមុខ និងរីកចម្រើនកាន់តែប្រសើរ»

ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ពីជំហរប្រកបដោយក្តីរីករាយក្នុងការបន្ត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយធនាគារជាតិនៃកម្ពុជា ខណៈការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានលើកសរសើរ ចំពោះគំនិតផ្តួចផ្តើមថ្មីៗជាច្រើន របស់លោកស្រីបណ្ឌិត ជា សិរី និងបានបញ្ជាក់ថាជាសមិទ្ធផល មិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតំបន់។

លើសពីនេះលោកស្រីបណ្ឌិត ជា សិរី ក៏ទទួលបានការអបអរ និងជូនពរពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលបណ្តាអង្គទូត និងស្ថានតំណាងបរទេសប្រចាំនៅកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមក្នុងវិស័យហិរញ្ញវត្ថុ និងស្ថាប័ននានាជាច្រើន កំពុងមានប្រតិបត្តិការនៅកម្ពុជា។

ការទទួលបានសារលិខិតអបអរសាទរ និងជូនពរដ៏ច្រើនសន្ធឹកសន្ធាប់ ជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់របស់មជ្ឈដ្ឋានជាតិ អន្តរជាតិមកលើគុណតម្លៃរបស់លោកស្រីបណ្ឌិត ជា សិរី ក្នុងនាមជាស្រ្តីខ្មែរដំបូងគេ ក្នុងតំណែងជាអគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលនឹងអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឱ្យកាន់តែប្រសើរ ព្រមទាំងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុទាំងកម្រិតតំបន់ និងអន្តរជាតិឱ្យកាន់តែប្រសើរ៕