(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានប្ដេជ្ញាអនុវត្តតាមបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែណែនាំឱ្យក្រសួងចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិតឱ្យដូចកែវភ្នែករបស់ខ្លួន ជាក់ស្ដែងក្រោយពេលចូលកាន់តំណែងជារដ្ឋមន្ត្រីភ្លាម ឯកឧត្តម ហេង សួរ បានចុះជួបកម្មករតាំងពីពេលព្រឹក និងបន្តដល់ពេលព្រលប់ ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ជួលតែម្ដង រំលេចបាននូវបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលកាន់តំណែងដំបូង លោករដ្ឋមន្ត្រី ហេង សួរ បានឆ្លៀតពិនិត្យស្ថានភាព និងទិដ្ឋភាព២ផ្សេងគ្នា ដោយនៅពេលព្រឹកថ្ងៃដដែល លោកបានដឹកនាំថ្នាក់ដឹកនាំក្រសួងការងារចុះជួបជាមួយកម្មករនិយោជិតនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅតាមបណ្ដោយផ្លូវវេងស្រេង ដើម្បីជួបសំណេះសំណាលជាមួយកម្មករ ក្ដាប់ពីស្ថានភាពរស់នៅ សំណូមពររបស់កម្មករនិយោជិត ដើម្បីរៀបចំការដោះស្រាយជួយឱ្យការរស់នៅ ការប្រកបការងាររបស់ពួកគាត់កាន់តែប្រសើរឡើងថែមទៀត ព្រមទាំងបង្ហាញភាពស្និទ្ធស្នាលរវាងមន្ត្រីរាជការ និងកម្មករនិយោជិត តាមរយៈការសំពះជម្រាបសួរ ជជែកជល់មុខ និយាយរឿងសប្បាយៗ ការទទួលអាហារជុំគ្នាជាដើម។

នៅល្ងាចថ្ងៃដដែល ពោលគឺក្រោយម៉ោងការងារ ​លោកបានដឹកនាំថ្នាក់ដឹកនាំក្រសួងការងារបានចុះជួបជាមួយកម្មករនិយោជិតដល់បន្ទប់ជួល នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង ដើម្បីក្តាប់នូវជីវិតក្រោយម៉ោងការងាររបស់ពួកគាត់។ ក្នុងពេលចុះពិនិត្យស្ថានភាពនោះ ឯកលោករដ្ឋមន្ត្រី ហេង សួរ បានមើលឃើញថា បន្ទប់ជួលនៅតំបន់រោងចក្រដំបូលខៀវនេះមានច្រើនបន្ទប់ជាប់គ្នា ដែលជាសហគមន៍ធំមួយ។ ទីនោះមានការភ្ជាប់បណ្តាញអគ្គិសនីពី EDC និងទឹកស្អាតផ្ទាល់ពីរដ្ឋាករទឹក។

លោក ហេង សួរ បានបង្ហាញការកោតសរសើរនូវស្មារតីអត់ធ្មត់ និងការចេះបង្កើតនូវបរិយាកាសរីករាយ និងកម្សាន្តរបស់កម្មករ-កម្មការិនីក្រោយពេលចប់ម៉ោងការងារ។ កម្មករ-កម្មការិនីខ្លះ ទោះបីជាមកពីខេត្តផ្សេងគ្នា ប៉ុន្តែបានក្លាយទៅជាមិត្តជិតដិតនឹងគ្នា មានអ្វីច្រើន ឬប្លែកហៅគ្នាមកទទួលទានជុំគ្នា។

លោករដ្ឋមន្ត្រីបានថ្លែងអរគុណដល់កម្មករ-កម្មការិនីដែលបានរាប់អាន និងចែករំលែកនូវព័ត៌មាន និងរឿងនិទានផ្ទាល់ខ្លួនផ្សេងៗដល់លោក ពិសេសនោះគឺលោករដ្ឋមន្ត្រីក៏បានកត់ចំណាំទុក ហើយនឹងខិតខំធ្វើអ្វីៗឱ្យកាន់តែប្រសើឡើង។

ជាការប្ដេជ្ញាចិត្ត លោករដ្ឋមន្ត្រី ហេង សួរ នឹងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ តាមបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិត ដូចជាកែវភ្នែករបស់ខ្លួន។

អ្វីដែលលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់នោះ គឺលោកបានដាស់តឿនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ «ត្រូវតែជើងជាប់ដី នៅជាមួយប្រជាពលរដ្ឋ នៅជាមួយកម្មករនិយោជិត នៅជាមួយនឹងស្ថានភាពពិត» ដើម្បីពិនិត្យស្ថានភាពរស់នៅ និងសំណូមពររបស់កម្មករនិយោជិតនៅតាមរោងចក្រ និងដល់បន្ទប់ជួលជាដើម៕