(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ សហការជាមួយកម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនមួយករណីទៀត ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ មានស្រី២នាក់ និងដកហូតថ្នាំ២៣១កញ្ចប់។
មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមគ្រឿងញៀននេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១៩អា និងផ្ទះលេខ២៥ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ (រោងចក្រឆ្នាំង) ខណ្ឌដូនពេញ។
បើតាមមន្រ្តីអាវុធហត្ថ ក្រៅពីការដកហូតថ្នាំញៀនទាំង២៣១កញ្ចប់ កម្លាំងប្រតិបត្តិការ ក៏បានដកហូតជញ្ជីងសំរាប់ថ្លឹង ចំនួន០៤គ្រឿង ម៉ូតូចំនួន០៥គ្រឿង និងសម្ភារសំរាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្ត៕