(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជន ពាក់ព័ន្ធករណីរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏សូមលើកទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តបេសកកម្មស្វែងរកចាប់ខ្លួនឧក្រិដ្ឋជនដែលនៅសេសសល់ ក៏ដូចជាឧក្រិដ្ឋជនក្នុងបទល្មើសផ្សេងៗទៀត មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ប្រកបដោយភាពសុខសាន្ត។

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឧ្យដឹងថា មេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំងច្បាស់លាស់ សម្រុកចូលខ្លួនរំដោះ នៅគ្លីនិចធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញ សរុបចំនួន១១នាក់។

មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។

ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ៕