(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក កែវ វង្សសៃ អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង ដើម្បីសម្តែងការគួរសម ទទួលបានតួនាទីជាអគ្គកុងស៊ុលអាណត្តិថ្មី ប្រចាំខេត្តស្ទឹងត្រែង។

លោកកែវ វង្សសៃ អគ្គកុល ស៊ុលឡាវ បានសម្តែងនូវការកោតសរសើរចំពោះការដឹកនាំរបស់លោកអភិបាលខេត្ត នាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមគ្នានេះ លោក អគ្គកុល ស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែង បានសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ក្នុងការជួយជ្រោមជ្រែងការងាររហូតទទួលបានជោគជ័យ ពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ។

លោកអគ្គកុល ស៊ុលឡាវ បានសម្តែងនូវការអរគុណ ថ្នាក់ដឹកនាំ និងប្រជាជនក្នុងខេត្តស្ទឹងត្រែង ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមក ចំពោះទំនាក់ទំនងល្អ ការសាមគ្គីភាពល្អរវាងខេត្តជាប់ព្រំប្រទល់ និងក្នុងតំបន់តែមួយ ហើយជឿជាក់ថា ការដឹកនាំរបស់អភិបាលខេត្ត នឹងបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌កាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រទេសទាំងពីរ។

លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណចំពោះលោកអគ្គកុលស៊ុលឡាវថ្មី នឹងជំរុញ ដល់កិច្ចសហការល្អប្រសើរ នឹងបន្តប្រពៃណីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំផ្សេងទៀត ឲ្យកាន់តែប្រសើរឡើង។

លោក ស្វាយ សំអ៊ាង បានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះកិច្ចសហការ សម្របសម្រួលរបស់អគ្គកុលស៊ុលឡាវ ដើម្បីឲ្យកិច្ចសហការរវាងខេត្ត និងខេត្តទទួលបានជោគជ័យ ពិសេសក្នុងគោលដៅ ដើម្បីឲ្យខេត្តជាប់ព្រំប្រទល់មានការលើកកម្ពស់សេដ្ឋកិច្ចប្រជាជន នៃប្រទេសទាំងពីរ ហើយយើងនឹងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយើងឲ្យមានការគោរពច្បាប់ អធិបតេយ្យភាពប្រទេសរៀងៗខ្លួន រួមនឹងការការថែរក្សាប្រពៃណីទំនៀមទំលាប់ឲ្យបានថិតថេរគង់វង្ស៕