(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍អុំទូកថ្នាក់ខេត្ត នាថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ អធិកអធម ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិបានទស្សនាកម្សាន្ត ឲ្យសាកសមជាខេត្តដែលមានការគាំទ្រគោលនយោបាយច្រើនជាងគេ ហើយឈ្នះដាច់ផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពចាប់ពីពេលនេះទៅ ត្រូវសហការត្រៀមទូក និងចំណុះទូករៀងៗខ្លួន បូករួមទាំងការសហការរៀបចំតុបតែងភ្លើងព័ណ៌ កាំជ្រួច ការផ្សព្វផ្សាយព័ត៌មាន ធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ លោក ខូយ រីដា បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព គណៈបញ្ជាការឯកភាពខេត្ត/ក្រុង/ស្រុក ដែលបានខិតខំបំពេញការងារតាមអង្គភាពរៀងៗខ្លួន សម្រេចបានលទ្ធផលល្អប្រសើរ។ លោកក៏សូមស្នើឱ្យបន្តការខិតខំប្រឹងប្រែងនេះបន្ថែមទៀត លើបញ្ហាសន្តិសុខ ចរាចរណ៍ គ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាបញ្ហាប្រឈមខ្ពស់។
ជាមួយគ្នានោះ លោក ខូយ រីដា បានលើកឡើងពីការអភិវឌ្ឍក្រុង ដែលយើងត្រូវអភិវឌ្ឍគិតចាប់ពីស្ពានថ្ម រហូតទៅដល់ក្បាលហុង ដូច្នេះសាលាក្រុងត្រូវជូនដំណឹងពីការអភិវឌ្ឍដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានដឹង ហើយរាល់សំណង់ទាំងអស់ត្រូវត្រួតពិនិត្យ ចំពោះការងារសម្រាមត្រូវណែនាំ និងធ្វើឱ្យបាន មិនមែនធ្វើតែមួយភ្លែតហើយទុកចោលនោះទេ។
ជុំវិញបទល្មើសនៅតំបន់បឹងទន្លេសាប លោកសូមណែនាំដល់កម្លាំងជំនាញ ត្រូវកម្ទេចចោលឱ្យអស់ ដើម្បីឱ្យទិន្នផលត្រីយើងកើនឡើង។ ចំពោះបទល្មើសព្រៃឈើ ពាក់ព័ន្ធនឹងក្រុមចម្រុះទាំង៩ក្រុម សូមឱ្យបន្តធ្វើកិច្ចការងារនេះ នៅតាមគោលដៅដែរនៅ ហើយគោលដៅចាស់ ត្រូវត្រួតពិនិត្យឡើងវិញ ប្រសិនបើនៅកើតមាន ត្រូវចាត់វិធានការច្បាប់ដោយគ្មានការលើកលែង។
បន្ថែមពីនោះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីឆន្ទះ ក្នុងអាណត្តិដឹកនាំរបស់លោក គឺលោកមានបំណងចូលរួមអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដែលមើលឃើញជារូបភាព ឬវីដេអូ ដូច្នេះសូមឲ្យគ្រប់ក្រុង/ស្រុក មន្ទីរអង្គភាព ត្រូវចូលរួមជាមួយលោក ក្នុងការត្រៀមកៀរគរចំណូល ដើម្បីចូលរួមស្រាវជ្រាវផ្ទះអចិន្ត្រៃយ៍ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅមិនសមរម្យ សាងសង់ឲ្យពួកគាត់បានរស់នៅសមរម្យ៕