(បាត់ដំបង)៖ ឡានក្រុងពីរជាន់របស់ក្រុមហ៊ុនរិទ្ធមុន្នី មួយគ្រឿងត្រូវបានភ្លើងឆាបឆេះទាំងស្រុងដោយពុំដឹងមូលហេតុ និងបណ្តាលឲ្យស្ត្រីជាអ្នកដំណើរម្នាក់ បានស្លាប់យ៉ាងវេទនា នៅក្នុងភ្នក់ភ្លើងនោះ។ ហេតុការណ៌ខាងលើនេះបានកើតឡើងនាម៉ោង១០៖៤០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចហួស រង្វង់មូលរំសាយសក់ ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អ្នកដែលឃើញហេតុការណ៌បានប្រាប់ថា នៅវេលាខាងលើគេបានឃើញឡានក្រុងរបស់ក្រុមហ៊ុន រិទ្ធមុន្នី ដែលឆេះខាងលើបានបើកចេញពីក្រុង បាត់ដំបង ឆ្ពោះទៅទីក្រុងភ្នំពេញ ស្រាប់តែកំពុងបើកសុខៗគេបានឃើញផ្សែងហ៊ុយចេញពីរថយន្តក្រុងនោ ហើយបង្កជាអណ្តាលភ្លើងភ្លាមៗឃើញដូចនោះអ្នកបើកបរ ក៏បានឈប់រថយន្តឲ្យអ្នកដំណើរដែលជិះនៅក្នុងនោះនាំគ្នារត់ចុះចេញ ពីរថយន្តទាំងភ័យស្លន់ស្លោរ ដោយអ្នកខ្លះពុំបានយករបស់របរចេញទាន់ឡើយ។
បន្ទាប់ពីអ្នកដំណើររត់ចុះ ហើយគេបានឃើញរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ពន្លត់ផងដែរ តែជួយមិនបាននោះទេធ្វើឲ្យរថយន្តក្រុង នោះនៅតែឆេះទាំងស្រុងដដែល។
បន្ទាប់ពីឆេះអស់ហើយ អ្វីដែលគួរឲ្យរន្ធត់នោះគឺសមត្ថកិច្ចបានឡើងទៅមើលលើរថយន្តក៏ប្រទះឃើញស្ត្រីជាអ្នកដំណើរម្នាក់ បានឆេះស្លាប់ នៅក្នុងភ្នក់ភ្លើងនោះយ៉ាងវេទនាបំផុត។
សមត្ថកិច្ចបានបញ្ជាក់ថា ការឆេះនេះពុំទាន់ដឹងថា ពីមូលហេតុនៅឡើយទេ ហើយសម្ភារដែលខូចខាតនោះក៏ពុំទាន់ដឹងដែរ គឺត្រឹមតែដឹងថា មានអ្នកដំណើរជាស្ត្រីម្នាក់បានឆេះស្លាប់នៅក្នុងនោះ ។
ក្រោយកើតហេតុរថយន្តឆេះនៅសល់តែគ្រោងឆ្អឹងនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៌ ក្រុងបាត់ដំបង ដើម្បីរងចាំខាងតំណាងក្រុមហ៊ុន ចូលមកដោះស្រាយគ្នានៅពេលក្រោយ៕