(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ចូលរួមផ្សាយ បន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាស្តីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានទូលំទូលាយជូនដល់សាធារណជន។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដំបូងរបស់ខ្លួននេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨៖០០ព្រឹក នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា រួមនឹងបណ្ដាញព័ត៌មានសង្គមផ្សេងទៀតរបស់ខ្លួននឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕