(ភ្នំពេញ)៖ អបអរសាទរយុវតី សោម វិចិត្រវិជិតា សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានជាប់ជាស្ថាពរក្នុងចំណោមយុវសិស្សតែ១០នាក់ ក្នុងព្រឹត្តិការណ៍ «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៧ ឆ្នាំ២០២៣»។ ​នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

យុវតី សោម វិចិត្រវិជិតា សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វសត៍ ដែលទើបតែបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងពេលថ្មីៗនេះកន្លងទៅនេះ បានជាប់ជាស្ថាពរក្នុងចំណោមសិស្សតែ១០រូបប៉ុណ្ណោះក្នុង
ប្រទេសកម្ពុជាទៅចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៧ឆ្នាំ២០២៣» ដែលនឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ វិច្ឆិកា និងដោយផ្ទាល់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ISIS ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងវត្ថុបំណងលើកស្ទួយមិត្តភាព ការស្វែងយល់អំពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងប្រទេសជប៉ុន និងបណ្ត
ប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន។

សិស្សដែលចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវធ្វើដំណើររួមគ្នានៅលើកប៉ាល់ ព្រមទាំងមានឱកាសចែករំលែកនូវបទពិសោធន៍ជីវិតរបស់ពួកគេ ការស្វែងយល់អំពីវប្បធម៌នៃប្រទេសនីមួយៗ និងចូលរួមក្នុងសកម្មភាពក្នុងភាពជាអ្នកដឹកនាំជាច្រើនទៀត។

នេះជាវេទិកាថ្នាក់អន្តរជាតិមួយថ្មីបន្ថែមទៀត ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានឱកាសចូលរួមចែករំលែកចំណេះដឹង បំណិន និងបទពិសោធន៍ដោយផ្ទាល់។ ឱកាសទាំងនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស រួមផ្សំជាមួយនឹងចំណេះដឹងបែបសកល ដែលពួកគេទទួលបានពីការអប់រំកម្រិតអន្តរជាតិដ៏មានគុណភាពនៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

គណៈគ្រប់គ្រងសាលាពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះយុវតី វិចិត្រវិជិតា ព្រមទាំងកោតសរសើរដល់ប្អូនៗសិស្សានុសិស្សដទៃទៀត ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន
ក្នុងការចូលរួមការប្រកួត និងវេទិកាកម្រិត អន្តរជាតិនានា ដើម្បីបង្ហាញគុណវុខ្ជិរបស់សិស្សម្នាក់ៗ សាលារៀន និងសង្គមជាតិខ្មែរទាំងមូលលើឆាកអន្តរជាតិ៕