(តាកែវ)៖ លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានដាក់អនុសាសន៍៦ចំណុច ដល់សមាជិកគណបក្ស​ប្រជាជន​កម្ពុជា (CPP) ក្នុងស្រុកព្រែកកប្បាស ខេត្តតាកែវ សំដៅពង្រឹងសមត្ថភាពការងារ និងគោលនយោបាយរបស់គណបក្ស។

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសទទួលសមាជិកថ្មីរបស់ CPP ក្នុងស្រុកព្រែកកប្បាសខាងលើ លោករដ្ឋលេខាធិការ បានបញ្ជាក់ពីអនុសាសន៍ការងារ រួមមាន៖ ទី១. សមាជិកគណបក្សត្រូវខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយរបស់បក្ស, ទី២. ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងខិតខំឃោសនាពីកម្មវិធីនយោបាយរបស់បក្ស ប្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានយល់ច្បាស់, ទី៣. ត្រូវថែរក្សាមិត្តភាព សាមគ្គីភាពផ្ទៃក្នុង ពិសេសត្រូវរក្សាការសម្ងាត់របស់គណបក្ស, ទី៤. ត្រូវខិតខំរៀនសូត្រ លើកកម្ពស់សមត្ថភាព និងគុណភាពការងារ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងឡាយ, ទី៥. សមាជិកគណបក្សទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត និងរួសរាន់ធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យបានគ្រប់ៗគ្នា និងទី៦. សមាជិកគណបក្សទាំងអស់ ត្រូវប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជន និងពន្យល់ប្រាប់សាច់ញាតិ បងប្អូន ឱ្យយល់ពីការងារនេះ។

ជាមួយគ្នានេះ លោកបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតកុំបីខាន ហើយអំពាវនាវដល់អ្នកដែលមិនទាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវរួសរាន់ធ្វើឱ្យបានគ្រប់គ្នា  ពិសេសនោះ លោកបានទទូចឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។

ជាការផ្ដាំផ្ញើលោកប្រាប់ដល់សមាជិកបក្ស និងប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចេះស្រឡាញ់សាមគ្គីគ្នា ដើម្បីរួបបរួមកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខ ជៀសវាងការខ្វាងគំនិតគ្នា ដែលនាំទៅដល់ជម្លោះបង្កផលពិបាកដល់សង្គម៕