(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គជាលើកដំបូងរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
កិច្ចប្រជុំដែលបង្ហាញពីការចាប់ផ្តើមចេញដំណើរនៃនាវាកម្ពុជា ក្នុងនីតិកាលថ្មី ជាមួយនាយករដ្ឋមន្ត្រីថ្មី កំពុងនាំឱ្យមានការទន្ទឹងរង់ចាំយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរថា តើនាយករដ្ឋមន្ត្រីវ័យ៤៥ឆ្នាំរបស់កម្ពុជា នឹងបង្ហាញអ្វីខ្លះពាក់ព័ន្ធនយោបាយដឹកនាំរបស់ខ្លួន?
កិច្ចប្រជុំដែលជាការបើកទំពរថ្មីនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដ៏មានសារៈសំខាន់នាថ្ងៃស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋខ្មែរ ដោយមានការផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានាផងដែរ។
បន្ទាប់ពីការថ្លែងសារទៅកាន់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំសមាជិក សមាជិកាដ៏មានថាមពលរបស់ឯកឧត្តមពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។
យោងតាមលិខិតអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកិច្ចប្រជុំបានបង្ហាញថា របៀបវារៈនឹងលើកមកជជែកពិភាក្សានាថ្ងៃស្អែករួមមាន៖
១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។
២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។
៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។
៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។
៥៖ បញ្ហាផ្សេងៗ
សូមបញ្ជាក់ថា ការបើកសម័យប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺចំថ្ងៃដែលឯកឧត្តមបានកើត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កើតនៅថ្ងៃព្រហស្បតិ៍ ៨កើត ដែលជាថ្ងៃសីល៕