(កណ្តាល)៖ មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបន្តដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនទាំងអស់ត្រូវពង្រឹង កាន់តែខ្លាំងលើការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ និងបញ្ហាគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា ក្រុមចោរ៦នាក់ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ដេញបង្ក្រាបនៅទឹកដីឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃមុននេះ ដោយចាប់ខ្លួន៦នាក់ រថយន្តមួយគ្រឿង រហូតបាញ់បាក់ជើងម្នាក់ ដែលក្រុមចោរទាំងនេះ បានរៀបចំផែនការប្លន់ផ្ទះលក់មាស លក់សាំង និងផ្ទេរប្រាក់ Wing នៅតាមផ្លូវចូលតាមវត្តធន់មន់។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះនៅក្នុងពិធីប្រជំុបូកសរុបលទ្ធផលការងារប្រចាំខែ
កក្កដានិងលេីកទិសដៅបន្តខែសីហា ឆ្នាំ២០១៦។
កិច្ចប្រជុំមួយនេះក៏មានការអញ្ជើញចូលរួមពីមេបញ្ជារង មេបញ្ជាការងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុងស្រុកនិងបញ្ជាការរងទទួលការងារប្រតិបត្តការទាំង១១ក្រុងស្រុក។
នៅចំពោះមុខកងកម្លាំងអាវុធហត្ថលោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើការផ្សព្វផ្សាយ និង ពង្រឹងការងារការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ (ថ្នាក់ជាតិ ក្រោមជាតិ) និង ប្រជាជន ក្នុងខេត្តកណ្តាល ឲ្យបានប្រសើរឡើង។
លោកមេបញ្ជាការក៏បានធ្វើការផ្សព្វផ្សាយបន្ថែមលើបទបញ្ជាទាំង៩ ចំណុចរបស់ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស។
ជាមួយគ្នានេះលោកមេបញ្ជាការ បានជំរុញឲ្យពង្រឹងការងារ បង្ការ បង្រាប បទល្មើស និង ជួយសង្គ្រោះប្រជាពលរដ្ឋ បន្ថែមទៀត ពិសេសលួចប្លន់ និង បទល្មើសគ្រឿងញៀន។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ក៏មិនភ្លេច ចំពោះការ កោតសរសើរដល់កងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានខិតខំអស់ពីកាយចិត្តដើម្បីបម្រើជាតិ មាតុភូមិ និង ប្រជាជន កន្លងទៅដោយឥតលក្ខខណ្ឌ ហើយត្រូវបន្តថែមទៀត៕