(ព្រះសីហនុ)៖ មុខសញ្ញាលួច ប្លន់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការរហូតតុលាការ ឃុំដាក់ពន្ធនាគារ៣ដងហើយ តែជននេះនៅតែមិនរាង លុះពេលចេញមកវិញ បានបន្តសកម្មភាពលួចម៉ូតូទៀត ក៏ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួននៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃនេះ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវសើុបអង្កេត ចាប់ជនសង្ស័យបានម្នាក់ ពីបទចោរកម្ម (លូចម៉ូតូ) កាលពីវេលាម៉ោង ០៣ទៀបភ្លឺថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ អានសារ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ដោយឡែកជនសង្ស័យឈ្មោះ ទាវ ណាំរ័ត្ន ហៅ ពេន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅស្នាក់នៅផ្ទះជួលភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
បើតាមមន្រ្តីនគរបាល កន្លងមកជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធធានាគា ចំនួន ៣លើករួមមាន៖
-លើកទី១ ចំនួន ៦ខែ ពីបទចោរកម្ម
-លើកទី២ ចំនួន ៦ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ
-លើកទី៣ ចំនួន ៦ខែ ពីបទចោរកម្ម។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានដកហូត វត្ថុតាងដូចជា ម៉ូតូម៉ាកអ៌ែប្លែត សេរីឆ្នាំ២០១៣ ១គ្រឿង (ផលចោរកម្ម)។
ជនសង្ស័យរូបនេះ ត្រូវបានសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។