(ភ្នំពេញ)៖ ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូង លោក ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅម្ដុំផ្លូវវេងស្រេង ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និងណែនាំអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងអ្នកគ្រប់គ្រងតាមផ្នែកក្នុងរោងចក្រត្រូវចុះមកជួបកម្មករឱ្យបានញឹកញាប់ ហើយបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង។

វត្តមានរបស់លោករដ្ឋមន្ត្រីនាពេលនោះ បានធ្វើឱ្យមហាជន និងកម្មករនិយោជិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោកចុះទៅជួបដល់កន្លែងធ្វើការយ៉ាងដូច្នេះឡើយ។

បើតាមការបង្ហោះខ្លឹមសារនៅលើគណនីហ្វេសប៊ុកនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូង បានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង។ បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង៣ពាន់នាក់ ក្នុងនោះមានកម្មការិនីដែលកំពុងមានផ្ទៃពោះចំនួន១៦០នាក់ និងជនដែលមានពិការភាពចំនួន៤៣នាក់»

លោករដ្ឋមន្ត្រីបានបន្តថា កម្មករនិយោជិតនៅក្នុងរោងចក្រនេះធ្លាប់ជួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៨ ហើយនិយោជិតដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ កម្មករនិយោជិតដែលលោករដ្ឋមន្ត្រីបានជួប គឺនឹករឭកដល់សម្តេចតេជោ ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចបានចុះជួបកម្មករនាពេលកន្លងទៅ។ កម្មករទាំងនោះក៏រំពឹងថានឹងបានជួបឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗនេះផងដែរ។

លោករដ្ឋមន្ត្រី ហេង សួរ ក៏បានទទួលអាហារជាមួយកម្មករនិយោជិតរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀនោះផងដែរ ដោយលោកបានបញ្ជាក់ថា រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីថ្មីក្រសួងការងារបានសង្កត់ធ្ងន់ថា «ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង»

លោកបានបញ្ជាក់ទៀតថា នៅរោងចក្រខាងលើនេះមានសហជីពមូលដ្ឋានរហូតដល់ទៅជាង២០សហជីព។ ទំនាក់ទំនងរវាងសហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន៕