(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើឯកសារទាំងនោះមានដូចខាងក្រោម៖
១៖ ឯកភាពលើខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
២៖ ឯកភាពលើខ្លឹមសារអត្ថបទវីដេអូអប់រំខ្លី និងវិទ្យុរួមមាន៖
*ស្ប៉តវីដេអូអប់រំ ចំនួន ៣រឿង
*ចម្រៀងកាយវិការ ចំនួន ៣រឿង
*ស្ប៉តវីដេអូអប់រំ បែបគំនូរជីវចល ចំនួន ៣រឿង
*ស្ប៉តវិទ្យុអប់រំ ចំនួន ៣រឿង
*សេចក្តីជូនដំណឹងសម្រាប់ចាក់ផ្សាយតាមមេក្រូចល័ត ចំនួន ១រឿង។
៣៖ ឯកភាពលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ចំនួន ២រឿងរួមមាន៖
*វីដេអូអប់រំស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ១រឿង
*វីដេអូអប់រំដុកទ័រវ៉ូត (Dr. Vote) ចំនួន ១រឿង។
៤៖ ឯកភាពជាគោលការណ៍លើការប្រើប្រាស់គំរូទម្រង់បែបបទចំនួន១៥ទម្រង់សម្រាប់ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
៥៖ ឯកភាពលើឯកសារពាក់ព័ន្ធក្នុងការចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមមាន៖
*សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
*ទម្រង់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន
*ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែររបស់អ្នកសារព័ត៌មាន
*ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេសរបស់អ្នកសារព័ត៌មាន។
៦៖ ឯកភាពលើឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយ ចំនួន ៧មុខ រួមមាន៖
*ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប
*សៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត
*សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
*ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
*ស្ទីកគ័រ ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
*បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
*កញ្ចប់សារព័ត៌មាន(Press kits)។
យោងតាមប្រតិទិនផ្លូវការរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕