(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងលោកស្រី បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ព្រោះប្រជាពលរដ្ឋនៅទីនេះជាប្រជានេសាទ ហើយការធ្វើនេសាទទទួលបានផលសម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្តែក្នុងរដូវនេះ វាមានព្យុះ ភ្លៀង មានពេលខ្លះមិនអាចចេញទៅនេសាទបាន ដោយផ្អែកលើស្ថានភាពអាកាសធាតុធ្វើឱ្យប៉ះពាល់ផលរបរបស់បងប្អូន។ ថ្ងៃនេះបាននាំយកជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិបណ្ឌិតផ្តល់ជូនបងប្អូនមកពី ៣ឃុំ ស្មើនឹង ៥៧២គ្រួសារ ។
លោក គួច ចំរើន បានបន្តថា កាលពីម្សិលមិញរដ្ឋសភាបានបើកកិច្ចប្រជុំនីតិកាលថ្មី ក្រោមអធិបតីភាពសម្តេចព្រះកុរុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយល្ងាចម្សិលមិញ សមាជិករដ្ឋសភាទាំង ១២៥រូប បានចូលស្បថសច្ចាប្រណិធាននៅចំពោះព្រះភកព្រះអង្គ ព្រះមហាក្សត្ររួច រាល់ហើយ ព្រឹកនេះដំណើការនៃកិច្ចប្រជុំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋសភា និងបោះឆ្នោតគាំទ្រសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាព្រឹត្តិការថ្មីរបស់កម្ពុជា ក្នុងនាមអាជ្ញាធរដែនដី លទ្ធផលកិច្ច ប្រជុំរដ្ឋសភា ជាសមិទ្ធផលដែលបងប្អូនបានចូលរួមតាមរយៈការបោះឆ្នោតនាពេលកន្លងមក។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនាំមកចែកជូនប្រជាពលរដ្ឋក្រីក្រ ៥៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ កន្ទេល១ ទឹកសុទ្ធ១កេស ឃីត១កញ្ចប់ (សារុង១ ក្រមា១ ភួយ១ មុង១) និងថវិកា ៥ម៉ឺនរៀល៕