(ព្រះសីហនុ)៖ ប្រជាពលរដ្ឋ២៩គ្រួសារ ដែលជាអាជីវករលក់ដូរនៅតាមបណ្តោយឆ្នេរព្រែកត្រែង ស្ថិតក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានជួបជុំគ្នាស្នើសុំរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ផ្តល់ឱ្យពួកគាត់មានសិទ្ធិអាចលក់ដូរទីកន្លែងនេះដោយសម្យស្របណាមួយ។

ការសម្រេចរុះរើសតូបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ដោយបានបញ្ឈប់រាល់សកម្មភាពសាងសង់សំណង់ផ្សេងៗ នៅលើដីចំណីឆ្នេរព្រែកត្រែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងជញ្ជូនយកចេញឱ្យអស់ពីទីតាំង នៅមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ជាកំហិត។

ក្នុងការស្នើសុំអាជីវករចំនួន២៩តូប មានការឯកភាព និងស្ម័គ្រចិត្ត រុះរើមិនមានការស្ទាក់ស្ទើរស្របតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ បានជម្រាបជូន ប៉ុន្តែដោយជីវភាពមានការខ្វះខាតនោះ មុនពេលរុះរើ លើទីតាំងនេះ ពួកគាត់បានមានការសំណូមពរអាជ្ញាធរពាក់ព័ន្ធ ទុកឱកាសឱ្យពួកគាត់មានកន្លែងលក់ដូរណាមួយដូចជា៖ កន្លែងលក់ខ្នាតតូច (មានតុកៅអី, មានជាកន្ទេលសម្រាប់ជួលអង្គុយ ដែលជាកន្លែងសម្រាកលែង សមរម្យណាមួយ ដូចទៅនឹងឆ្នេរអូរឈើទាលជាដើម) ហើយនេះក៏ជាតម្រូវជាពិសេស ដែលបងប្អូនភ្ញៀវទេសចរណ៍ជួលអង្គុយលែងកន្លងមកដែរ ហើយនេះក៏មុខរបរសម្រាប់រកស៊ីចិញ្ចឹងជីវិតប្រចាំថ្ងៃតទៅថ្ងៃមុខផងដែរ។

ជាការឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនអាជីវករ លោក សរ កក្ដដា អភិបាលក្រុងព្រះសីហនុ បានលើកឡើងនៅព្រឹកថ្ងៃទី២២ ខែសីហាថា ដើម្បីទុកជាសោភ័ណភាពឆ្នេរសម្រាប់សាធារណជន ងាយស្រួលមកលែងកម្សាន្ត ដោយរីករាយ កន្លែងធំទូលាយ អាចចតឡានដោយ និងអង្គុយលែងដោយមិនមានការបង់ប្រាក់កម្រៃអ្វីឡើយ ដើម្បីចៀសវាងមានការវាយតម្លៃមិនល្អណាមួយពីបងប្អូនភ្ញៀវទេសចរដែលបានឆ្លងកាត់ទីកន្លែងនោះ ព្រោះវាហាក់ មានភាពអនាធិបតេយ្យ ដោយសារបោះមានតូប កញ្ចុះមិនរៀបរយទាំងនេះ។ លោកបន្តថា «សកម្មភាពទាំងនេះលោកមិនចង់ទុកឱ្យកើតមានជាឱកាស ហើយបែរមកជាបន្ទុកសម្រាប់អាជ្ញាធរនាថ្ងៃមុខនោះឡើយ»។

លោក សរ កក្ដដា បានគូសបញ្ជាក់ថា ទីតាំងឆ្នេរព្រែកត្រែងសព្វថ្ងៃ និងធ្វើឱ្យរៀបរយមានសោភ័ណភាពស្រស់ស្អាត ហើយនឹងអនុញ្ញាតឱ្យអាជីវករមានជាតុកៅអី កន្ទេល ទីតាំងលក់ដូរខ្នាតតូចអាចចល័តបាន ដូចទៅនឹងឆ្នេរអូរឈើទាលដែរ តែមិនអាចតាំងទីលំនៅជាអចិន្ត្រៃយ៍ ដាក់តុកៅអី និងកន្ទេលទាំងដែលមិនមានភ្ញៀវ ថែមទាំងមិនឱ្យមានជម្លោះវាទទីដណ្តើមគ្នាលក់នោះទេនោះឡើយ៕