(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីចូលកាន់តំណែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានប្រកាសបន្តអនុវត្តកំណែទម្រង់ ដែលបានដាក់ចេញដោយលោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីការបរទេស។
បើតាមសុន្ទរកថា របស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា កំណែទម្រង់នោះ រួមមានជាអាទិ៍៖
១៖ បន្តពង្រឹងដំណើរការ ដើម្បីបង្កើតសមិទ្ធិផលថ្មីៗរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ជាពិសេស បន្តយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សខាង វិស័យការទូត ដេម្បីកសាងឲ្យបាននូវមន្រ្តីមានសមត្ថភាពខ្លាំង ស្អាតស្អំ វៃឆ្លាតនិងផ្តោតទៅលើប្រយោជន៍ជាតិ
២៖ ជំរុញការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រសួងចាំបាច់នានាទាំងផ្នែករឹង និងផ្នែកទន់ ដូចជាជំរុញសំណើគម្រោងសាងសង់អាគារធ្វើការបន្ថែមតាមការចាំបាច់,
៣៖ ពង្រីកសមត្ថភាពស្ថាប័ន ដោយបន្តយកចិត្តទុកដាក់ ក្នុងការបង្កើនចំនួនមន្រ្តីតាមដំណាក់កាល និងផ្តល់ការលើកទឹកចិត្តចំពោះបុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យ
៤៖ បន្តជំរុញការស្នើសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តឡើងវិញនូវការពិនិត្យតំឡើងប្រាក់បៀវត្សមន្ត្រីការទូត និងបុគ្គលិកនានា ដែលបម្រើតាមស្ថានបេសកកម្មនៅក្រៅប្រទេសរៀងរាល់២ ឆ្នាំម្តង ដើម្បីអាចឆ្លើយតបសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។
«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងប្រកាសបន្តអនុវត្តកំណែទម្រង់ដែលបានដាក់ចេញដោយ ឯកឧត្តម ប្រាក់ សុខុន ដោយក្នុងនោះ យើងនឹងបន្តអនុវត្តតាមការសម្រេចរបស់សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។ នេះជាការថ្លែងរបស់លោក សុខ ចិន្តាសោភា។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន បានអបអរសារជាថ្មីម្តងទៀតដល់លោក សុខ ចិន្តាសោភា ដែលត្រូវបានទទួលទំនុកចិត្តដ៏ខ្ពង់ខ្ពស់មកកាន់តំណែងនេះ និងសូមជូនពរលោកទទួលបានជោគជ័យមហាប្រសើរបំផុតក្នុងបេសកកម្មដ៏ថ្លៃថ្នូរនេះ។
លោក ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសដ៏ឱឡារិកនេះ ជូនពរដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងគណៈរដ្ឋមន្ត្រីថ្មី សម្រេចបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ៕