(ភ្នំពេញ)៖ នៅទីបំផុតទៅមេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំងច្បាស់លាស់ សម្រុកចូលខ្លួនរំដោះ នៅគ្លីនិចធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញបានហើយ សរុបចំនួន១១នាក់។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។

នាយឧត្តមសេនីយ៍បានអះអាងថា មេក្លោងដែលជាអ្នកទោសគ្រឿងញៀន និងបក្ខពួកផ្សេងទៀត ចំនួន៣នាក់ ត្រូវចាប់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ នៅរាជធានីភ្នំពេញ សរុបទាំងមេក្លោង និងបក្ខពួកទាំងអស់១១នាក់ ត្រូវបានចាប់ខ្លួន។

មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។ នាយឧត្តមសេនីយ៍អគ្គស្នងការរង បានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។

នាយនគរបាលជាន់ខ្ពស់រូបនេះ បានបន្ថែមថា ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ។

នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរៀបរាប់ទៀតថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន។

នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបានជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន៧នាក់ និងចាប់បានជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សរុបចំនួន១១នាក់ រួមទាំងអ្នកទោសដែលបានរំដោះ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា កំពុងតែសហការគ្នាយ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ ដែលនៅសេសសល់ និងយកមកផ្ដន្ទាទោសតាមច្បាប់ យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ។ ដោយឡែក សម្រាប់បណ្ដាស្ថានទូតរបស់ឧក្រិដ្ឋជនខាងលើនេះ សមត្ថកិច្ចកំពុងតែសហការគ្នា ដើម្បីស្វែងយកព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធប្រវត្តិរបស់ពួកគេនៅប្រទេសកំណើតផងដែរ។

សូមរំលឹកថា ខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕