(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានប្រាប់ដល់មន្ត្រីពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ធ្វើសកម្មភាពជាក់ស្តែងតាមរចនាសម្ព័ន្ធ ដោយកុំឲ្យមានតែរចនាសម្ព័ន្ធលើក្រដាស។

ការជំរុញរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» នៅរាជធានីភ្នំពេញ​ សម្រាប់ក្រុមទី១ (ខេត្តកំពង់ធំ)។

បើតាមការថ្លែងរបស់លោកស្រី ជូ ប៊ុនអេង មន្ត្រីថ្នាក់មូលដ្ឋាន ដែលស្ថិតក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានរចនាសម្ព័ន្ធច្បាស់លាស់ណាស់ ប៉ុន្តែបែរជាបណ្តែតបណ្តោយឲ្យមានឧក្រិដ្ឋជន ធ្វើសកម្មភាពបានទៅវិញ។ ប្រការនេះហើយ ដែលលោកស្រីមិនចង់ឃើញឈ្មោះមន្ត្រី មានតែនៅក្នុងរចនាសម្ព័ន្ធលើក្រដាស ហើយគ្មានសកម្មភាពជាក់ស្តែង។

លោកស្រី​បានផ្តាំថា តំណែងមិនមានប្លង់រឹងសម្រាប់ការពារនោះទេ ហេតុនេះហើយលោកស្រីបានជំរុញឲ្យមន្ត្រី ខិតខំប្រឹងប្រែងធ្វើការងារបន្តទៀត ដើម្បីរួមគ្នាទប់ស្កាត់នឹងអំពើជួញដូរមនុស្ស ដែលពិភពលោកកំពុងតែធ្វើសកម្មភាពយ៉ាងខ្លាំង។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពឥតឈប់ឈរ ដើម្បីការពារប្រជាជនខ្លួន រួមទាំងជនបរទេស រស់នៅលើទឹកដីកម្ពុជា ពីអំពើជួញដូរមនុស្ស៕