(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ១៧០គ្រួសារ ដែលមានបញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃជាមួយពលរដ្ឋ១៤គ្រួសារទៀត នៅដីតំបន់ភ្នំព្រះ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់ បន្ទាប់ពីបានដាំដុះដំឡូង ឬពោតត្រូវបានក្រុមម្ខាងទៀតយកគ្រឿងចក្រឈួសឆាយចោលអស់។
លោក សំ វុត្ថា តំណាងឲ្យប្រជាពលរដ្ឋ១៧០គ្រួសារ បានឲ្យដឹងថា ពួកគាត់មានការលំបាកខ្លាំងដោយសារមានទំនាស់ដីធ្លីតាំងពីឆ្នាំ២០០០។ លោកថា ពីមុនពួកគាត់បានចូលកាប់ទន្រ្ទានដីព្រៃភ្នំព្រះ នៅស្រុកថ្មពួក យកធ្វើកម្មសិទ្ធិ ដោយកាលនោះមានការតានតឹងខ្លាំងដោយរដ្ឋបាលព្រៃឈើតែងចុះចាប់ និងហាមឃាត់ តែពួកគាត់នៅតែចូលទន្រ្ទានអាស្រ័យផលដើម្បីបានដាំដំឡូង និងពោត។
ក្រោយមក រដ្ឋាភិបាលតាមរយៈយុវជនស្ម័គ្រចិត្ត បានចុះវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ស្រាប់តែគេវាស់វែងចុះបញ្ជីដីជូនតែ១៤គ្រួសារទៅវិញ។
ដោយសារហេតុនេះហើយ ពួកគាត់ក៏ប្តឹងជំទាស់មិនឲ្យចេញប័ណ្ណកម្មសិទ្ធិលើដីដែលមានទំនាស់ចំនួន២៩៣.១៤ហិតា។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែអាស្រ័យផលជារៀងរាល់ឆ្នាំ តែ៣ឆ្នាំចុងក្រោយនេះ ត្រូវបានក្រុមម្ខាងទៀតដែលមានឈ្មោះ សាម ម៉ាប់ ដែលពួកគាត់ឲ្យលុយទៅរត់ការធ្វើប័ណ្ណកម្មសិទ្ធិដីទាំងនោះ មិនបានឲ្យពួកគាត់ ហើយថែមទាំងទៅធ្វើការឲ្យក្រុមហ៊ុនមកប្រើគ្រឿងចក្រឈុះឆាយដំណាំពួកគាត់អស់ទៅវិញ។
ក្រុមប្រជាពលរដ្ឋសូមស្នើសូមអាជ្ញាធរ មេត្តាជួយសម្របសម្រួលដល់ពួកគាត់ផង ដើម្បីបន្តបង្កបង្កើនផលទៅមុខទៀត។ ពួកគាត់បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ សាម ម៉ាប់ ទៅតុលាការតែមកដល់ពេលនេះ តុលាការមិនទាន់មានចំណាត់ការនៅឡើយ។
ជុំវិញករណីនេះលោក អែម សុខា អភិបាលស្រុកថ្មពួក បានឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីនេះកើតឡើងមុន គាត់មកកាន់ជាអភិបាលស្រុក និងរឿងនេះបានដល់ថ្នាក់ជាតិ និងតុលាការដែលហួសដែនសមត្ថកិច្ចរបស់លោកហើយ៕