(ភ្នំពេញ)៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបន្តនាំយកដើមឈើចំរុះប្រមាណជាង១០០ដើម ទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងមានជ័យបន្ថែមទៀត ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសឲ្យបរិវេណក្នុងសាលាបឋមសិក្សាទាំងមូល មានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់សិស្សានុសិស្ស ស្រូបយកខ្យល់អាកាសបរិសុទ្ឋនៃដើមឈើ និងដើម្បីចូលរួមអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ផងដែរ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឲ្យដឹងថា ការចែកជូនដើមឈើ និងកូនឈើ សំរាប់ដាំនៅក្នុងទីធ្លាសាលានៅពេលនេះ គឺមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។ គោលបំណងនៃការដាំដើមឈើនៅពេលនេះ គឺដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងដើម្បីបង្កើនគម្របបៃតងនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបរិស្ថាននៅក្នុងសាលារៀន ដើម្បីឲ្យសិស្សានុសិស្សបានទទួលយក នូវខ្យល់អាកាសល្អបរិសុទ្ធ។
លោកបានបន្ថែមថា ដើមឈើទាំងអស់នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានផ្តល់ជូន និងតែងតែណែនាំឲ្យរដ្ឋបាលព្រៃឈើ ចូលរួមដាំដើមឈើទាំងអស់គ្នា និងត្រូវស្រលាញ់ និងថែទាំដើមឈើ ឲ្យដូចយើងស្រលាញ់ និងថែទាំកូនចៅរបស់យើងដែរ ព្រោះដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសវាជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកថែមទៀត។
នាឱកាសនោះដែរ លោកស្រី លៅ ថេន នាយិកា សាលាបឋមសិក្សាស្ទឹងមានជ័យ បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ តាមរយៈលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដែលផ្តល់ដើមឈើ និងបានយកមកដាំ នៅក្នុងបរិវេណសាលានាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់មនុស្ស សត្វ ជាពិសេសសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ដល់កូនចៅជំនាន់ក្រោយ បានស្គាល់ប្រភេទដើមឈើប្រណីតៗរបស់ខ្មែរ។
បើតាមលោក គាំ សីហា បានឲ្យដឹងថា ចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានដាំដើមឈើ និងកូនឈើជាបន្តបន្ទាប់ នៅតាមទីតាំងវត្តអារាម និងសាលារៀន រួមមាន ៖ នៅសាលាកោះដាច់ ៣០០ដើម ខណ្ឌជ្រោយចង្វារ, នៅបឋមសិក្សាទ្រនំច្រឹង ដាំ និងចែកដើមឈើ ចំនួន ៣៣៩៦ដើម ខណ្ឌកំបូល, ដាំថែមនៅវត្តភ្នៀត ចំនួន ៨៨ដើម នៅវត្តគល់ទទឹង ចំនួន ២៥០ដើម និងនៅសាលាបឋមសិក្សាស្ទឹងមានជ័យនេះ ចំនួន ១៣២ដើម។
នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបន្ថែមថា នឹងធ្វើការដាំបន្ថែមទៀត នៅតាមទីតាំងផ្សេងៗ ព្រោះដើមឈើមិនត្រឹមតែអាចផ្តល់ជាម្លប់ដល់សិស្សានុសិស្ស មនុស្សជាតិ សត្វនោះទេ វាអាចជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណសាលា ក៏ដូចរាជធានីភ្នំពេញផងដែរ៕