(ភ្នំពេញ)៖ ឱកាសការងារសរុបចំនួន៧៩៩កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នាថ្ងៃទី២៤ ខែសីហាស្អែកនេះ ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់វិទ្យាស្ថាន IFL។

លោក នៅ សិទ្ធី មន្ត្រីទទួលបន្ទុកផ្នែកធនធានមនុស្ស នៃធនាគារ កាថេ យូណៃធីត លើកឡើងថា វេទិកាការងាររបស់ NEA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ក្រុមហ៊ុនកន្លងមកក្នុងការជ្រើសរើសបុគ្គលិក ព្រោះកម្មវិធីនេះបានផ្តល់ឱកាសដល់ខាងក្រុមហ៊ុនបានជួបដោយផ្ទាល់ជាមួយនឹងអ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារជាដើម។

លោកបន្ថែមថា កន្លងមកធនាគារ កាថេ ធ្លាប់បានសហការជាមួយនឹង NEA ជាច្រើនលើកច្រើនសាររួចមកហើយដែរ។ ជាលទ្ធផល ធនាគារទទួលបានបុគ្គលិកជាច្រើនរូបបាននិងកំពុងបម្រើការងារជាមួយធនាគារផងដែរ។

លោកមានជំនឿថា សម្រាប់វេទិកាការារថ្ងៃស្អែកនេះ នឹងមានសិស្ស/និស្សិតជាច្រើនមកចូលរួមដាក់ពាក្យ និងសម្ភាសការងារជាមួយនឹងធនាគារ តាមរយៈការផ្សព្វផ្សាយរបស់ NEA។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១0នោះ រួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance, ក្រុមហ៊ុន MR Training, ក្រុមហ៊ុន GEOLINK, ធនាគារឯកទេស AEON, ក្រុមហ៊ុន DDD, ក្រុមហ៊ុន JACCS និងក្រុមហ៊ុន Kofi។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ 016 786 655 ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕