(ភ្នំពេញ)៖ គិតចាប់ពីឆ្នាំ២០១៧ដល់ពេលបច្ចុប្បន្ន រដ្ឋបាលក្រុង-ស្រុកទាំង១៩០នៅទូទាំងប្រទេស ត្រូវបានអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមលោកបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ហៅកាត់ ក.វ.ក។
លោកបណ្ឌិតបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័ន ស្តីពីការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង-ស្រុក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។
លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានបញ្ជាក់ថា រដ្ឋបាលក្រុងត្រូវប្រកួតប្រជែង ដោយផ្អែកលើគោលការណ៍វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង និងរដ្ឋបាលស្រុកត្រូវប្រកួតប្រជែង ដោយផ្អែកលើគោលការណ៍វាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលស្រុក។ ជាលទ្ធផល រដ្ឋបាលក្រុងចំនួន១៤ និងស្រុកចំនួន១០៨ បានទទួលជ័យលាភីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ ដែលសរុបថវិកាវិភាជន៍ចំនួន៤១,៤០៦លានរៀល ជាថវិការដ្ឋ។
លោកបានបន្តទៀតថា ដោយឡែក ថវិកាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជ្រើសរើសរដ្ឋបាលក្រុង-ស្រុក-ខណ្ឌជ័យលាភីចំនួន១១១ (ក្រុងចំនួន១៥ ស្រុកចំនួន៩២ និងខណ្ឌចំនួន៤) សរុបថវិកាចំនួន៤២,៥៩៣លានរៀល។
លោកបណ្ឌិត កែវ បេងវឌ្ឍន៍ បានបន្ថែមថា គោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង-ស្រុក គឺជាឧបករណ៍វាយតម្លៃ ដែលលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បីវាយតម្លៃការបំពេញភារកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក និងបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣នេះ។
ប្រធានលេខាធិការដ្ឋាន ក.វ.ក រូបនេះបានបញ្ជាក់ដែរថា ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុកនាពេលបច្ចុប្បន្ន និងការធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តនានា លេខាធិការដ្ឋាន ក.វ.ក នឹងរៀបចំកែសម្រួលគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ សម្រាប់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាសង្គតិភាពជាមួយ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងដើម្បីពង្រឹងការអនុវត្តមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ហេតុនេះហើយសិក្ខាសាលារបស់យើង នាថ្ងៃនេះគឺមានគោលបំណងស្វែងរកធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអនុវត្តការងារ ដោយផ្ទាល់ជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីកែសម្រួលនូវគោលការណ៍ណែនាំខាងលើឲ្យកាន់តែមានភាពសមស្រប និងអាចអនុវត្តបាន៕