(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មាននៃ វិស័យសំណង់ និងអចលនទ្រព្យ នឹងកាន់តែទូលំទូលាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ កម្ពុជា ខណៈដែលទស្សនាវដ្ដីអចលនទ្រព្យ បានបង្ហាញវត្ដមានលើទីផ្សារកម្ពុជា ។
លោករដ្ឋមន្ដ្រីថ្លែងបន្ដថា ទស្សនាវដ្ដីអចលនទ្រព្យនេះ អាចផ្តល់ចំណេះដឹងទាក់ទងនឹងវិស័យសំណង់ និងអចលនទ្រព្យដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ បន្ថែមទៀត ទាក់ទងនឹងវិស័យដ៏មានសារៈសំខាន់នេះ ខណៈដែលវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងមានការរីកចមម្រើនដល់កំពូល ទស្សនាវដ្តីអចលនទ្រព្យថ្មី មួយ បានចេញផ្សាយនៅទីក្រុងភ្នំពេញ ។
លោក Tom O Sullivan នាយកវេបសាយ Realestate.com.kh ដែលបានចេញផ្សាយទស្សនាវដ្តី ដែលមានឈ្មោះថា «ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា» នៅថ្ងៃទី៥ ខែសីហា បានថ្លែងថា បន្ទាប់ពីបានបង្ហាញវត្ដមានវេបសាយ Realestate.com.kh មួយរយៈនេះមើលឃើញថា មានការគាំទ្រខ្ពស់ ពីប្រជាជនខ្មែរ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការដើរតួនាទី ជាអ្នកផ្តល់ចំណេះដឹងដល់ប្រជាជនកម្ពុជានេះ ដូច្នេះទើបយើងសម្រេចបង្កើតទស្សនាវដ្ដីនេះបន្ថែមទៀត ដើម្បីផ្ដល់ពីទីផ្សារអចលនទ្រព្យ ឲ្យបានកាន់តែទូលំទូលាយ។
លោក យិន លាងគង់ និពន្ឋនាយកទស្សនាវដ្តីអចលនទ្រព្យឈ្មោះ Property View ដែលបានចេញផ្សាយពីរលេខកន្លងមកហើយបានថ្លែងថា ការចេញផ្សាយ ទស្សនាវដ្តីថ្មីនេះ មិនមែនជាការប្រកួតប្រជែងជាមួយទស្សនាវដ្តីរបស់លោកទេ ផ្ទុយទៅវិញ វាជាការធ្វើឲ្យការផ្តល់ព័ត៌មានពីវិស័យសំណង់ និងអចលនទ្រព្យ កាន់តែសម្បូរបែបថែមទៀត ដល់អ្នកអានជាតិ និងអន្តរជាតិ ពិសេសអ្នកប្រកបរបរក្នុងវិស័យនេះ កាន់តែទទួលបានព័ត៌មានច្បាស់លាស់ ស៊ីជម្រៅ និងអាចទុកចិត្តបាន។
ពិសេសទស្សនាវដ្តី PROPERTY VIEW ជាទស្សនាវដ្តីចេញផ្សាយជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលធ្វើការចេញផ្សាយរៀងរាល់៣ខែម្តង ដោយស្ថិតនៅក្រោមដំបូលរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកបន្តថា«យើងមានគោលដៅដូចគ្នា ប៉ុន្តែវិថីដែលយើងដើរមានភាពខុសគ្នានៅក្នុងទីផ្សារ តែសម្រេចគោលដៅរួមមួយក្នុងការលើកកម្ពស់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ពិសេសយើងមានបំណងផ្តល់ឲ្យអ្នកអាន អ្នកវិនិយោគជាតិ អន្តរជាតិបានយល់ច្បាស់ពីវិស័យនេះ និងអាចយកព៌តមានពីទស្សនាវដ្តីនេះ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តវិនិយោគក្នុងប្រទេសនេះបន្ថែមទៀត»។
គួរបញ្ជាក់ថា ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា នឹងធ្វើការចែកចាយនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប និងធ្វើការបោះពុម្ពកាន់តែច្រើនបន្ថែមទៀត នៅលេខបន្ទាប់ ដែលទស្សនាវដ្តីនេះនឹងបោះពុម្ពចំនួន៤លេខ ក្នុងរយៈពេលមួយឆ្នាំ៕