(ភ្នំពេញ)៖ លោកស្រីឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមដំណើរដោយលោកស្រីជាភរិយាថ្នាក់ដឹកនាំ បានចូលរួមជាអធិបតីភាពក្នុងពិធីជួបជុំពិសាអាហារសាមគ្គីជាមួយគណៈគ្រប់គ្រងសាលា នាយិការង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យជាស៊ីមសាមគ្គី ក្រោមគំនិតផ្តួចផ្តើមពីលោក ផាន់ ណិល នាយកវិទ្យាល័យជាស៊ីមសាមគ្គី ដើម្បីចូលរួមអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាបរិវេណវិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោកនាយក ផាន់ ណិល បានឱ្យដឹងថា ការរៀបចំពិធីជួបជុំពិសាអាហារសាមគ្គីនាពេលនេះ គឺក្នុងន័យស្រលាញ់សន្តិភាព និងដើម្បីចូលរួមអបអរសាទរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលុប ដែលបានបង្ហាញឆន្ទៈតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។

លោក ផាន់ ណិល មានជំនឿយ៉ាងម៉ុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រទេសជាតិពិតជាទទួលបាននូវការឯកភាពទឹកដី ការបង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំក្លាថែមទៀត។

គួរបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានរដ្ឋសភានីតិកាលទី៧បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំលើកទី១ និងត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕