(ភ្នំពេញ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិចិនម្នាក់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ និងគំរាមកំហែងថានឹងសម្លាប់ តាមបណ្ដឹងរបស់ជនជាតិចិនដូចគ្នា។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ LI YONG ហៅ LI XIANG ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរូបនេះទៅតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕