(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ថា ភាពជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ត្រូវបានលើកយកមកពិភាក្សាជាសំខាន់នៅក្នុងជំនួបរវាងសម្តេច ជាមួយប្រមុខរដ្ឋឡាវ លោក ប៊ុនញ៉ាង វរ៉ាជិត និងនាយករដ្ឋមន្រ្តីឡាវ លោក ថង លូន ស៊ីស៊ូលីត។
សម្តេចតេជោ បានប្រកាសនៅលើទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃ០៨ ខែសីហា ពីប្រទេសឡាវ ទីកន្លែងដែលសម្តេចនឹងទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ថា «ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងបញ្ហាអន្តរជាតិ ដែលភាគីទាំងពីរយកចិត្ត្តទុកដាក់ ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។
បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ជម្លោះសមុទ្រចិន ជាមួយជប៉ុន និងបញ្ហាឧបទ្វីបកូរ៉េ ត្រូវបានគេរំពឹងថា ក្លាយជាប្រធានបទ ដ៏ក្តៅគគុកមួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងខែកញ្ញា ឆ្នាំ២០១៦ខាងមុខ។
បញ្ហាជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង និងប្រទេសសមាជិកអាស៊ានរួមមានហ្វីលីពិន និងវៀតណាម ត្រូវបានក្លាយជាប្រធានបទក្តៅផងដែរ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីខែកក្កដា កន្លងទៅនេះ៕