(ខេត្តសៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាភរិយា លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនគ្រួសារស្ត្រីកី្រក្រ និងជនងាយ រងគ្រោះ ចំនួន ៤៦គ្រួសារ នៅមណ្ឌលសុខភាព ស្រុកជីក្រែង ខេត្តសៀមរាប ។
អំណោយមនុស្សធម៌ ដែលលោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន សារុង១ ក្រមា១ សាប៊ូលុច ១ដុំ ថ្នាំដុះធ្មេញ១បំពង់ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ទឹកដោះគោ១កំប៉ុង ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ អង្ករ ២៥គ.ក្រ ភួយ១ និងថវិកា ៤០,០០០រៀល។ ក្នុងនោះលោកស្រី បានពាំនាំការសួរសុខទុក្ខ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទៅនោះផងដែរ។
ទោះបីជាអំណោយទាំងនេះមានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយ ភាពខ្វះខាតរបស់បងប្អូនបានមួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះ លោកស្រីបានផ្ដែផ្ដាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះថា រដូវនេះ ជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្នថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅជៀសវាងពីមូសខាំ ដែលអាចបង្កឲ្យកើតជម្ងឺគ្រុនឈាមជាដើម៕