(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសប្តេជ្ញាប្រឹងប្រែង និងខិតខំឱ្យអស់ពីសមត្ថភាពបំពេញតួនាទីភារកិច្ច ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។

លោក ហ៊ុន ម៉ានី អតីតអ្នកតំណាងរាស្ត្រវ័យក្មេងនៅកម្ពុជាក្នុងអាណត្តិទី៥ និងទី៦ បានគូសរំលេចថា ការទទួលបានតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងអាណត្តិថ្មីនេះ ជាមហាកិត្តិយស និងជាមោទកភាពដ៏ធំធេងសម្រាប់រូបលោក។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បែបនេះ «លើសពីកិត្តិយស តួនាទីនេះគឺជាការទទួលខុសត្រូវដ៏ធំធេងមួយ ដែលទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការ​បំពេញ​ភារកិច្ចជាច្រើនបន្ថែមទៀត​ជូនប្រទេសជាតិ និងប្រជាជន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ»

លោករដ្ឋមន្ត្រីវ័យក្មេងរូបនេះបន្ថែមថា «ដ្បិតថានេះជាការទទួលតួនាទី ឬជាមុខតំណែងថ្មី តែខ្ញុំមានជំនឿទុកចិត្តខ្ពស់​ចំពោះមន្ត្រីរាជការទាំងអស់ដែលបាន និងកំពុងបំពេញការងារនៅក្រសួងមុខងារសាធារណៈតាំងតែពីការកកើត រហូតមកដល់ពេលបច្ចុប្បន្ន។ កិច្ចការឆ្ពោះទៅអនាគតរបស់យើង គឺជាការបន្តបេសកកម្ម​របស់​ថ្នាក់ដឹកនាំមុនៗ ដែលយើងខ្ញុំ និងក្រុមការងារទាំងអស់គ្នាគិតថា​ កិច្ចការដែលលោកបានឆ្លងកាត់ មិនសាមញ្ញ ​និងងាយស្រួលនោះឡើយ។ ជាងនេះទៅទៀតនោះ​ កិច្ចការដែលយើងធ្វើបន្ត គឺជាការអនុវត្តតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ឲ្យបានខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល»។

លោក ម៉ានី បានប្តេជ្ញាថា រូបលោក និងក្រុមការងារ នៃក្រសួងមុខងារសាធារណៈទាំងអស់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​សហការគ្នាបំពេញ​​ភារកិច្ចទាំងអស់នោះ ដើម្បីឧត្តមប្រយោជន៍នៃសង្គមជាតិ និងប្រជាជនកម្ពុជា។

ជាមួយនឹងការទទួលបានតួនាទី ភារកិច្ចថ្មីនេះ លោក ហ៊ុន ម៉ានី សូមក្រាបថ្វាយនូវកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុត និងអំណរព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណដល់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេច​តេជោ ហ៊ុន សែន និង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបលោក ដើម្បីទទួលតួនាទី និងភារកិច្ចដឹកនាំក្រសួងមុខងារ​សាធារណៈ ស្របពេលជាមួយនឹងការវិវឌ្ឍរបស់សង្គម ដែលជានិយាម​ ឆ្ពោះទៅកាន់តម្រូវការក្នុងការកែទម្រង់ជាចាំបាច់ និងជាបន្តបន្ទាប់៕