(ភ្នំពេញ)៖ ក្នុងរយៈពេលតែមួយម៉ោងសោះ កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុង២ករណីផ្សេងគ្នា ដោយដកហូតបានថ្នាំញៀនសរុប៥៤កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
លោក ម៉ន វុធី អធិការរងខណ្ឌ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ទើបលោកដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបតែម្ដង។
លោកអធិការង បន្ដថា ករណីទី១ នាម៉ោង៩៖៣០យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងអន្ដរាគមន៍ខណ្ឌ ឃាត់ខ្លួនបាន២នាក់ ដោយម្នាក់ជាអ្នកទិញ និងម្នាក់ជាអ្នកលក់ ដកហូតបានថ្នាំ៣កញ្ចប់ នៅចំណុចផ្លូវបេតុង ក្រោយហាង ST សំលាញ់ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
លោក បញ្ជាក់ថាជនសង្ស័យដែលឃាត់ខ្លួនបានទី១-ឈ្មោះ សូរ សារត្ន័ ហៅអាប៊ូយ អាយុ៣៤ឆ្នាំ ជាអ្នកលក់ និងជនសង្ស័យទី២-ឈ្មោះ វ៉ាន វីវ៉ា អាយុ២២ឆ្នាំ។
លោក បន្ថែមថា ករណីទី២ បង្ក្រាបបាននាម៉ោង១០៖២០នាទី តាមបណ្ដាយផ្លូវជាតិលេខ៤ ម្តុំរោងចក្រតំឡើងម៉ូតូ Suzuki ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ៤នាក់ ជនសង្ស័យទី១-ឈ្មោះសូរ សារ័ត្ន ហៅប៊ូនេះ ជាមេក្លោងជួញដូរ ទី២-ឈ្មោះ សិទ្ធ រាជ អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ជឹម ស្រស់ អាយុ១៩ឆ្នាំ និងទី៤-ឈ្មោះ តឹដ ឌូ អាយុ២៧ឆ្នាំ។
លោកអធិការរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានដកហូត ឆ្នាំញៀនសរុប៥៤កញ្ចប់ និងម៉ូតូ Honda Dream C125 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1FM-5432។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕