(ភ្នំពេញ)៖ ក្រោយពីមានប្រតិកម្មពីរាជរដ្ឋាភិបាលកម្ពុជា ទៅនឹងការប្រើប្រាស់ពាក្យសំដីរបស់លោក ហុង លីម រួចមក សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចេញ លិខិតថ្កោលទោសដាច់អហង្ការចំពោះ តំណាងរាស្រ្តអូស្រ្តាលី លោក ហុង លីម ដែលបានប្រើភាសាព្រៃ អសីលធម៌ ដោយចាត់ទុកថា របបនៅកម្ពុជា ជា«របបតិរច្ឆាន»។
នៅក្នុងលិខិតថ្កោលទោសនោះ បានបញ្ជាក់ឲ្យដឹងថា «យើងខ្ញុំដាច់ខាត មិនអាចទទួលយកបានទេចំពោះការប្រើប្រាស់ពាក្យពាល ប្រមាថប្រកបដោយ ឥរិយាបថោកទាប មិនឆ្លុះបញ្ចាំង ឫសាកសម និងសីលធម៌ គុណធម៌ ដែលជាតំណាងរាស្រ្តនៃប្រជាជាតិ ស៊ីវីល័យ និងស្ថេរភាព ជាមួយការងារ ទូតនៃទំនាក់ទំនង និងសហប្រតិបត្តិការល្អ រវាងកម្ពុជា និងអូស្រ្តាលី បាននោះឡើយ។ ដូចនេះសមាគមយើងខ្ញុំ សូមទាមទារឲ្យ លោក ហុង លីម សុំទោសជាសាធារណចំពោះព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាបន្ទាន់ក្នុងករណីនេះជាចាំបាច់»។
សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបន្ត ដោយជឿជាក់ថា អគ្គរដ្ឋទូតអូស្រ្តាលី Angela Corcoran នឹងអន្តរាគមន៍ជាបន្ទាន់ប្រឆាំង នឹងករណីនេះ ជាមួយតំណាងរាស្រ្ត ហុង លីម ដើម្បីថ្វាយ និងការពារកិត្តិយស ដល់ព្រះមហាក្សត្រ និងសេចក្តីថ្លៃថ្នូររបស់ប្រជារាស្រ្ត។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប នឹងការប្រើប្រាស់ពាក្យពាល របស់តំណាង រាស្រ្តអូស្រ្តាលី លោក ហុង លីម មានដើមកំណើតខ្មែរ, ដែលលោកបានប្រើប្រាស់ ពាក្យប្រមាថ មាក់ងាយ ចំពោះពូជកំណើតដែល មាតាបិតារបស់ខ្លួន ផ្តល់កំណើតមាន ឈាមជ័រជាខ្មែរ។
ការឆ្លើយតបរបស់ លោក ផៃ ស៊ីផាន ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្ររូបនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេស ដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»៕