(ភ្នំពេញ)៖ ឯកឧត្តម ធាវ ឈឺហ៊ាន (Teo Chee Hean) ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ក្នុងសារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា៖

«ខ្ញុំសូមអបអរសាទរឯកឧត្តមបណ្ឌិត សម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងនឹងគ្នាយូរអង្វែង និងមិត្តភាព។ អំឡុងពេលឯកឧត្តមបណ្ឌិត កាន់តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទំនាក់ទំនងរវាងយោធានៃប្រទេសទាំង២ មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

ប្រទេសយើងទាំង២ ក្នុងពេលបច្ចុប្បន្ន កំពុងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យថ្មីៗជាច្រើនរួមមានថាមពលកកើតឡើងវិញ និងឥណ្ឌទានកាបូន។ គំនិតផ្ដួចផ្ដើម ថ្មីទាំងនេះបានបម្រើជាផលប្រយោជន៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល។ យើងធ្លាប់មានកិច្ចពិភាក្សាស៊ីជម្រៅរបស់ពួកយើង ដែលថ្មីចុងក្រោយបំផុត នោះគឺអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់ខ្ញុំទៅកាន់ប្រទេសកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣ ជាពេលដែលយើងបានផ្លាស់ប្ដូរ ទស្សនៈយល់ឃើញយ៉ាងទូលំទូលាយទាំងកិច្ចការក្នុងស្រុក ថ្នាក់តំបន់ និងបញ្ហាសកលលោក។

ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តមបណ្ឌិត និងក្រុមការងាររបស់ ឯកឧត្តមបណ្ឌិត ដើម្បីពង្រឹងភាពជាដៃគូរបស់យើងឱ្យកាន់តែស៊ីជម្រៅ។ ខ្ញុំសូមជូនពរឱ្យឯកឧត្តមបណ្ឌិតទទួលបានជោគជ័យក្នុងការនាំមកនូវភាពរីកចម្រើន និងវិបុលភាពសម្រាប់កម្ពុជា ហើយខ្ញុំទន្ទង់រចាំជំនួបរបស់យើងនៅពេលខាងមុខ»៕

ខាងក្រោមនេះជាសារលិខិតរបស់រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី៖