(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិត ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់ប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរ ក្នុងឱកាសឯកឧត្តម ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧។
សារលិខិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានខ្លឹមសារដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ដោយទទួលបានព្រះរាជសារ អំពីព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលព្រះអង្គទ្រង់ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ដល់ទូលព្រះបង្គំជាខ្ញុំ និងសមាជិក សមាជិការាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងឱកាសដែលទូលព្រះបង្គំយើងខ្ញុំ ត្រូវបាន រដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រី និងជាសមាជិក សមាជិការាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយនឹងព្រះរាជហឫទ័យយកចិត្តទុកដាក់ និងជំនឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទាន ដល់ទូលព្រះបង្គំយើងខ្ញុំ នាឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្ដុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយវីរភាព, សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេសការបន្តធានា ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការធានាការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការ អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្ត លើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។
ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បី ព្រះអង្គទ្រង់គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់មាតុភូមិកម្ពុជា និងប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ»៕