(ភ្នំពេញ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News ថា ដោយមើលឃើញផ្លូវក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន មានពលរដ្ឋ​ធ្វើដំណើរមមាញឹកនាពេលយប់ ដោយមិនទាន់មានភ្លើងបំភ្លឺ ពេលយប់ផ្លូវចង្អៀត មិនអាចវ៉ាជែងបាននោះ ទើបមន្ទីរបាននាំយកកញ្ចាំង ឬចំណាំងផ្លាតមកដាំ តាមបណ្តោយផ្លូវ ពីព្រោះខ្លាច កើតមាន​គ្រោះចរាចរណ៍នាពេលយប់ ហើយចំណាំងផ្លាតនេះ នាំចូលពីប្រទេសកូរ៉េ ដែលធានាទម្ងន់៦០តោន និងធានាគុណភាពបាន០៣ឆ្នាំផងដែរ។

លោកប្រធានមន្ទីរបានលើកឡើងទៀតថា ចំណាំងផ្លាត គឺគេដាក់សម្រាប់បំភ្លឺនាពេលយប់ មិនត្រូវជិះកិនលើវាទេ បើមិនគ្រោះថ្នាក់ក៏ធ្វើវាឆាប់ខូចដែរ យើងជាពលរដ្ឋ ត្រូវជួយថែរក្សាសម្បត្តិ សាធារណៈទាំងអស់គ្នា។ នេះជាការកែលម្អសោភណ្ឌភាពតាមដងផ្លូវ មិនមែនធ្វើឲ្យពលរដ្ឋមានហានិភយ័លើការអភិវឌ្ឍន៍នោះទេមានតែយើងនាំគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទេ ទើបគេចផុតពីគ្រោះថ្នាក់ចរាចរណ៍បាន។

ការលើកឡើងរបស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ នាពេលនេះ បានធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋ អ្នកធ្វើដំណើរនៅខេត្តកំពង់ស្ពឺមួយចំនួន បានរិះគន់ មន្ទីរសាធារណការ និងដឹកជញ្ជួន ទាក់ទងនឹងរឿងដាក់ចំណាំងផ្លាត មានទំហំធំធ្វើ ឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនៅខេត្តកំពង់ស្ពឺ។ ការរិះគន់នេះបានធ្វើឡើង ក្រោយពីអ្នកដំណើរម្នាក់ បានដួលម៉ូតូ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ដែលធ្វើដំណើរតាមផ្លូវក្បែរមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្របមាត់ស្ទឹង ក្នុងភូមិពានិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺថាមក​ពីការដាក់​កញ្ចាំ ឬចំណាំងផ្លាតដែលភាសារបច្ចេកទេសហៅថា (Road stud)តាមផ្លូវ ។ គួរបញ្ជាក់ថា យោងតាមការផ្សាយជាផ្លូវការលើ Facebook Page មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសសេរ​ថា ចំណាំងផ្លាតនេះដាក់ដាំកណ្តាល ឬគែមផ្លូវ សំរាប់ជំនួយដល់អ្នកបើកបរពេលយប់ ធ្វើដំណើដោយសុវត្ថិភាព សំរាប់នាំផ្លូវផងដែរ អ្នកបើកបរទាំងឡាយមិនត្រូវបើកកិនលើវាទេ និងត្រូវជួយថែរក្សាគ្នាដើម្បី សុវត្ថិភាពយើងទាំងអស់គ្នា។

ប្រជាពលរដ្ឋ បានសសេរខំមិន (comment) របស់Account ឈ្មោះ Ouk Channa Rath ដោយលើកឡើងថា ដុំចំណាំងផ្លាតដូចជា ខ្ពស់ខ្លាំងណាស់បង ខ្លាចតែអ្នកជិះមិន មើលជាន់ក្រឡាច់​ដួលទេ។ ដោយសារតែមានការលើកឡើងបែបនេះ Facebook Page របស់មន្ទីរសាធារណការ បានសសេរដោយបង្ហាញថា តើក្រុមហ៊ុនផលិតមិន បានគិតពីបញ្ហនេះមុន និងផលិត គេត្រួតពិនិត្យបញ្ហានេះ​ហើយ។ ដុំនេះមានពន្លឺហេតុអ្វីត្រូវជិះកិនលើវា?៕