(ភ្នំពេញ)៖ លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក ហ្វូមីអុ គីស៉ីដា បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចាប់ផ្ដើមរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តម។ កម្ពុជា និងជប៉ុនបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការដើម្បី សន្តិភាព ការស្តាឡើងវិញ និងការអភិវឌ្ឍកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។

លោកបានបន្តថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងត្រូវបានពង្រឹងប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថ្មីៗដូចជា ឌីជីថល និងបណ្តាញគមនាគមន៍ជាដើមក៏កំពុងមានការរីកចម្រើនផងដែរ។ ខ្ញុំមានបំណងសហការ ជាមួយឯកឧត្តមដើម្បីធ្វើការជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើឆាកតំបន់ និងអន្តរជាតិ ព្រមទាំងពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ លើសពីនេះ ទាក់ទងទៅនឹងលទ្ធិប្រជាធិបតេយ្យ ប្រទេសជប៉ុននឹងបន្តពិភាក្សាដោយស្មោះត្រង់ និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ»

លោកអះអាងថា លោកទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្ដមបណ្ឌិត នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន នៅខែធ្នូឆ្នាំនេះ។ លោកក៏សូមជូនពរដោយស្មោះអស់ពីដួងចិត្ត សូមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសុខភាពល្អ និងទទួលជោគជ័យក្នុងគ្រប់ភារកិច្ច ប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនបន្ថែមទៀត និងសូមឱ្យប្រជាជនកម្ពុជាគ្រប់រូបមានសេចក្តីសុខ និងសុភមង្គល៕

ខាងក្រោមនេះជាសារលិខិតរបស់នាយករដ្ឋមន្ត្រីជប៉ុន៖