Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាល​អន្ដោប្រវេសន៍ បន្ដចាប់ខ្លួន​​ជនជាតិ​ចិន ២៥នាក់ ដែលបើកល្បែង​អនឡាញ​និងគ្មាន​សៀវភៅ​ការងារ​

06-08-2016 14:20

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ បានបន្ដប្រតិបត្តិការចុះទៅឃាត់ខ្លូន ជនជាតិចិនប្រុស-ស្រី២៥នាក់ ដែលបានបើកល្បែងអនឡាញ និងធ្វើការដោយគ្មានសៀវភៅការងារ នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រូលពី លោក សៀង សុខ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ បានបន្ដថា ជនជាតិចិនទាំង២៥នាក់នេះ ក្នុងនោះស្រី៤នាក់ ហើយត្រូវបានឃាត់ខ្លួនពីបទ បើកកន្លែងល្បែងភ្នាល់តាម Internet និងក្នុងនោះពិនិត្យឃើញ មានលិខិតឆ្លងដែន ២២ក្បាល ប្រើប្រាស់ទិដ្ឋាការE នៅមានសុពលភាព រយៈពេលមួយឆ្នាំ តែគ្មានសៀវភៅការងារ។ ក្រោយពីឃាត់ខ្លូនជនជាតិចិនទាំងអស់ ត្រូវបានបញ្ជូនខ្លួនទៅ អគ្គនាយដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះថា ក្រោយការសួរនាំជនជាតិចិន​ទាំងនេះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា៕