(កណ្តាល)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បាននាំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ទៅយកកាំភ្លើងចំនួន៣ដើម ក្នុងនោះកាំភ្លើងខ្លី២ដើម ដែលពួកគេបានលាក់ទុកស្ថិតនៅភូមិសាស្រ្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ ដែលពួកគេបានលាក់ទុក មានគោលដៅប៉ងចូលប្លន់នៅផ្ទះលក់មាស ហ្គារ៉ាស់សាំង និងផ្ទេរប្រាក់ Wing។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាលលោក សេង ឡុង បានរាយការណ៍ថា «ពេលនាំខ្លួនមកនេះកម្លាំងនគរបាលរកឃើញ កាំភ្លើងខ្លី២ដើមម៉ាកកា៥៩ គ្រាប់១០គ្រាប់ ១បង់៥គ្រាប់ អាកាស្វ័យបត់កាត់ស្វ័យ១ដើម គ្រាប់២២គ្រាប់ លាក់នៅជាប់ចិញ្ចើមផ្លូវ ចូលទៅវត្តភ្នំធន់មុន ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល»។
បើតាមសេចក្តីរាយការណ៍ថា ក្រុមចោរទាំងនេះ រៀបចំផែនការរួចហើយ ដើម្បីចូលធ្វើសកម្មប្លន់ផ្ទះវេលុយវីង លក់មាស និងបើកហ្គារ៉ាស់សាំង នៅកែងផ្លូវបត់ចូលខ្លោងទ្វារវត្តភ្នំធន់មុន ដែលមានម្ចាស់ផ្ទះឈ្មោះ ហួត ឡេង ប៉ុន្តែផែនការនេះត្រូវបានបរាជ័យទៅវិញ ក្រោយពីកម្លាំងសមត្ថកិច្ចដឹងទាន់ រហូតបង្ក្រាបទាន់ពេល។
សូមបញ្ជាក់ថា ការបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ បានធ្វើឡើងនៅឃុំក្រាំយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល រហូតដល់មានការបាញ់ចោរម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ រងរបួសបាក់ជើង នាព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ ក្រោយបង្ក្រាបក្រុមចោរទាំងនេះ កម្លាំងសមត្ថកិច្ចដកហូតរថយន្តរបស់ពួកគេម៉ាក High Lander ចំនួន១គ្រឿងផងដែរ។ សម្រាប់ក្រុមចោរប្លន់ទាំងនេះ និងវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃវិញ បន្តការសួរនាំមុនពេលបញ្ជូនទៅកាន់តុលាការ៕