(ភ្នំពេញ)៖ ថ្នាក់ដឹកនាំស្ថាប័នព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា បានរួមគ្នាបង្កើត «សហភាពសហព័ន្ធអ្នកសារព័ត៌មាន (ស.ស.សក)» ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្រុមថ្នាក់ដឹកនាំមកពីស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា បានជួបគ្នាចងក្រងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ ពួកគេបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីរៀបចំចងក្រងនូវលក្ខន្តិកៈនានា។
លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ CTN CNC និង MYTV និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ការរួមគ្នាបង្កើតសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដើម្បីជួយឲ្យសេរីភាពសារព័ត៌មាន សេរីភាពការសម្តែងមតិ និងការបោះពុម្ពផ្សាយកាន់តែបានល្អប្រសើរជាបន្តទៀត។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ក្នុងពិធីចងក្រងលក្ខន្តិកៈសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃនេះថា «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងដើរតួនាទីក្នុងការប្រមូលផ្តុំអ្នកសារព័ត៌មានគ្រប់ផ្នែក ដែលបម្រើការងារនៅស្ថានីយទូរទស្សន៍ វិទ្យុ កាសែត APP គេហទំព័រ ទស្សនាវដ្តី និងសមាគមអ្នកសារព័ត៌មាន បានរួមគ្នាកសាងភាពជាដៃគូ ទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ ដើម្បីជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក បណ្តុះបណ្តាលគ្នាទៅវិញទៅមក ជួយពង្រឹងក្រសីលធម៌វិជ្ជាជីវៈ ជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ ជួយគាំពារ និងការពារតួនាទីអ្នកសារព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈម និងការលំបាករបស់អ្នកសារព័ត៌មាន»។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC MYTV BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV គេហទំព័រ-APP Fresh News សារព័ត៌មាន Khmer Times Phnom Penh Post និង Kampuchea Thmey ៕