(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែង មន្រ្តីគ្រប់គ្រងចំនួន ១៥រូបក្នុងនោះរួមមានព្រឹទ្ធបុរសមួយរូប តាមរយៈអនុក្រឹត្យលេខ៧៧៩អនក្រ.តត ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងព្រឹទ្ធបុរសរង ប្រធានការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងអនុប្រធានដេប៉ាតឺម៉ង់ ចំនួន១៤រូប តាមរយៈប្រកាសលេខ ៧៨១ អយក.ប្រក ចុះថ្ងៃទី០៧ សីហា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។
ការតែងតាំងមន្រ្តីគ្រប់គ្រងនេះ គឺស្របតាមផែនការកំណែទម្រង់ របស់គណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីបំពេញរចនាសម្ព័ន្ធគ្រប់គ្រងឱ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្រោមការណែនាំចង្អុលបង្ហាញរបស់បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
ក្នុងពិធីនេះដែរ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិបាត់ដំបងបានប្រែមុខមាត់រីកចម្រើនឥតឈប់ឈរ ដូចជាហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ព្រមទាំងបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្សានុសិស្ស និស្សិតគ្រប់មជ្ឍដ្ឋានក្នុងខេត្ត និងខេត្តដទៃទៀត។ ការរីកចម្រើនប្រកបដោយសក្តានុពលក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះបានផ្តល់ទំនុកចិត្តដល់សាធារណៈជន ក្នុងការទទួលយកសេវាបណ្តុះបណ្តាលធនធានមនុស្សកម្រិតឧត្តមសិក្សា ឈានមុខគេនៅក្នុងភូមិភាគពាយ័ព្យនេះ។
លោក សុខ ឃន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការតស៊ូ ភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្មោះត្រង់ជាមួយថ្នាក់ដឹកនាំគ្រប់ឋានានុក្រម នោះពិតជាមានការតម្លៃតបស្នងជាក់ជាមិនខាន។
ជាក់ស្តែងសាកលវិទ្យាល័យបានតែងតាំងមុខតំណែងមន្រ្តីគ្រប់គ្រងនាឱកាសនេះ ស្របតាមជំនាញសញ្ញាបត្រ បទពិសោធន៍ និងឧបនិស្ស័យរបស់មន្រ្តីគ្រប់ៗរូប។ នាឱកាសនេះផងដែរ លោក ហួ រី ជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ តំណាងមន្រ្តីគ្រប់គ្រងទាំង១៥រូប បានឡើងប្តេជ្ញាចិត្ត ចំនួនប្រាំចំណុចសំខាន់ៗរួមមាន ៖
១. ត្រូវគោរពអនុវត្តតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
២. ត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
៣.ត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងគ្រប់គោលការណ៍ដែលសាកលវិទ្យាល័យជាតិបាត់ដំបង បានដាក់ចេញ
៤.ត្រូវគោរពអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ និងគោរពតាមការណែនាំថ្នាក់ដឹកនាំគ្រប់ឋានុក្រម
៥.ត្រូវបន្តចូលរួមអភិវឌ្ឍ គ្រប់កំណែទម្រង់របស់សាកលវិទ្យាល័យ ស្របតាមផែនការយុទ្ធសាស្រ្ត
លោក សុខ ឃន បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីគ្រប់គ្រងទាំងអស់ឱ្យចាត់ទុកភារកិច្ចរបស់ខ្លួនជាកិច្ចការងារស្នូល និងអនុវត្តប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។ មន្រ្តីទាំងអស់ត្រូវមានស្មារតីគិតគូពីផលប្រយោជន៍រួម និងផលប្រយោជន៍ជាតិ។ រាល់ការបំពេញកិច្ចការប្រចាំថ្ងៃត្រូវអនុវត្តជាប្រចាំនូវរបបរាយការណ៍ ស្នើសុំយោបល់ និងត្រូវចូលរួមដោះស្រាយបញ្ហាអសកម្មនានាប្រកបដោយទំនួលខុសត្រូវ។
សូមរំលឹកដែរថា សាកលវិទ្យាល័យជាតិបាត់ដំបងបានផ្តួចផ្តើមស្ថាបនាឡើងដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០០៧។ បច្ចុប្បន្ន សាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាគ្រប់កម្រិត និងគ្រប់ជំនាញចំនួនជាង ៦០០០ នាក់៕