(សៀមរាប)៖ «ក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានភ្ញៀវបរទេស និងខ្មែរមកទស្សនាអង្គរជាង៤លាននាក់ បើក្នុងចំណោមនោះ មានតែមួយលាននាក់ មកប៉ះចម្លាក់តែមួយនោះ ប្រហែលមួយរយ ឬពីររយឆ្នាំក្រោយ កូនចៅខ្មែរ នឹងលែងបានប៉ះ ឬលែងបានឃើញទៀតហើយ ដែលនេះជាករណីមួយដែលយើងត្រូវតែគិតគូរអំពីការថែរក្សាអង្គររបស់យើង»។
នេះជាសម្តីដាស់តឿនដែលលើកឡើងដោយ លោកស្រី អ៊ុ ម៉ារ៉ាឌី អនុប្រធានទទួលបន្ទុករួម នៃនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ នៅចំពោះមុខនិស្សិតជាង១០០នាក់នៃសាកលវិទ្យាល័យUSEA ខេត្តសៀមរាប នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។
ក្នុងបទបង្ហាញនៃកម្មវិធីអប់រំបេតិកភណ្ឌដល់និស្សិត តាមបណ្តាសាកលវិទ្យាល័យនានាក្នុងខេត្តសៀមរាប លោកស្រី ម៉ា រ៉ាឌី បានគូសបញ្ជាក់ថា កំណើននៃវិស័យទេសចរណ៍ក្នុងតំបន់អង្គរ មិនត្រឹមតែផ្តល់នូវកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏នាំមកនូវបញ្ហាមួយចំនួនផងដែរ បើយើងគ្រប់គ្រងមិនបានល្អទេនោះ។
«ភ្ញៀវទេសចរខ្លះគាត់មក គាត់មិនយល់ គាត់ចង់ប៉ះនេះប៉ះនោះ ឡើងជាន់លើកន្លែងហាមឃាត់ជាដើម។ បញ្ហាវាអាចនឹងប៉ះពាល់ដល់ចម្លាក់ឬថ្មប្រាសាទ ឬប៉ះពាល់ដល់ខ្លួនគាត់ផ្ទាល់ក៏មាន។ នេះជាអ្វីដែលយើងត្រូវជួយគ្នា មិនអាចពឹងតែភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរាម្នាក់ឯងបានទេ។ ភ្ញៀវច្រើន យើងមិនអាចប្រើភ្នាក់ងារម្នាក់ ឲ្យតាមដានភ្ញៀវម្នាក់នោះដែរ ដូច្នេះមានតែយើងជាខ្មែរទាំងអស់ហ្នឹងហើយ ដែលឃើញគេធ្វើខុស ត្រូវជួយប្រាប់ជួយពន្យល់ឲ្យបានទាន់ពេល កុំចាំបាក់រលំហើយទើបបានស្តាយក្រោយ»។
លោកសុខ សង្វារ អគ្គនាយករង និងជាប្រធានក្រុមការងារ ចុះអប់រំបេតិកភណ្ឌតាមសាលារៀនបានរំឭកដាស់តឿន និងលើកទឹកចិត្តឲ្យយុវជនចូលរួមក្នុងកិច្ចការ ថែរក្សាបេតិកភណ្ឌអង្គរទាំងអស់គ្នា។ នៅពេលដែលយើងស្រឡាញ់ មានស្មារតីចូលរួម យើងនឹងប្រុងប្រយ័ត្នមិនធ្វើទង្វើ ដែលនាំឲ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ហើយក៏មិនអនុញ្ញាតឲ្យអ្នកណា មកធ្វើអ្វីដែលប៉ះពាល់ដល់វត្ថុ ដែលយើងស្រឡាញ់និងគោរពដែរ។
នេះជាស្មារតីដែលជាតិយើងត្រូវការ។ ទន្ទឹមនឹងនេះ យុវជនក៏អាចចូលរួមផ្សព្វផ្សាយនូវរូបភាពល្អៗ និយាយល្អៗពីអង្គរឲ្យពិភពលោកកាន់តែបានដឹង បានឮ អំពីភាពអស្ចារ្យនៃបេតិកភណ្ឌអង្គររបស់យើង តាមរយៈបណ្តាញសង្គមផ្សេងៗជាដើម៕