(ភ្នំពេញ)៖ លោក អួង វុទ្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ដ្រីមេតុងទីនម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ដ និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬហៅថាសែកស្អុយ ដែលមានទឹកប្រាក់សរុបប្រមាណ១៩ម៉ឺនដុល្លារ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ជនត្រូវចោទដែលត្រូវបានបញ្ជូនឲ្យទៅឃុំខ្លួននៅពន្ធនាគារនេះឈ្មោះ ផង់ បូភ័ក្ដ្រ អាយុ៤២ឆ្នាំ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយជននេះ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
ទាក់ទិនករណីនេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា គឺផ្ដើមចេញពីការលេងតុងទីន ហើយជនត្រូវចោទបានចេញសែកដើម្បីទូទាត់ប្រាក់តុងទីនជូនដើមបណ្ដឹង ប៉ុន្ដែនៅពេលកំណត់ទទួលប្រាក់ សែកនោះបែរជាមិនមានលុយដូចអ្វីដែលបានសន្យានោះទេ ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង។
ស្ដ្រីមេតុងទីនរូបនេះ បានព្យាយាមគេចវេសពីការទទួលខុសត្រូវជាច្រើនលើកច្រើនច្រើនសារ មុនពេលឈានដល់ការប្ដឹងស្វែងរកយុត្ដិធម៌តាមផ្លូវច្បាប់ ហើយពេលនេះជនត្រូវចោទឈ្មោះ ផង់ បូភ័ក្រ្ដ កំពុងស្វែងរកការអន្ដរាគមន៍នានា ដើម្បីបានចេញនៅក្រៅឃុំ ដោយមិនទទួលខុសត្រូវតាមការសន្យា៕