(ភ្នំពេញ)៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខ ពិតជានឹងធ្វើឲ្យមាតុភូមិកម្ពុជា កាន់តែមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

តាមរយៈសារជូនពរ និងអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជាប្រមុខ ពិតជានឹងធ្វើឲ្យមាតុភូមិកម្ពុជា កាន់តែមានសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី ស សុខា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី១ និងត្រូវបាន ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ យើងខ្ញុំសូមប្រសិទ្ធពរ សូម ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត នាយករដ្ឋមន្ត្រី មានសុខភាពល្អបរិបូណ៌ ប្រាជ្ញាវាងវៃ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបមើ ជាតិមាតុភូមិ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ និងសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនដល់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕