(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារម៉ូតូឌុបទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ជាលើកទី៤ មានចំនួន៩០៧នាក់ ក្នុងនោះស្រី៦នាក់ នៅបរិវេណសាលាក្រុង ស្ថិតនៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ មាន៦៦,៥៥៤នាក់ ស្មើនឹង១៥,១០៦គ្រួសារ ក្នុងនោះស្រី៣៤,៣២៥នាក់ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មាន៤៣,៥៤៨នាក់ ស្រី២៦.៩៣៧នាក់។ ក្នុងឆ្នាំ២០១៦នេះ បងប្អូនក្រុមគ្រួសារដែលមានមុខរបររត់ម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ មានចំនួន ៩០៧នាក់ ស្រី៦នាក់ ក្នុងនោះសង្កាត់ចំរើនផល១៩នាក់ ស្រី២នាក់ សង្កាត់លលកស១៥៥នាក់ សង្កាត់ផ្ទះព្រៃ២៥៣នាក់ ស្រីម្នាក់ សង្កាត់ព្រៃញី៧៧នាក់ សង្កាត់រលាប១៧៧នាក់ សង្កាត់ស្វាយអាត់១១៤នាក់ ស្រីម្នាក់ និងសង្កាត់បន្ទាយដី១១២នាក់ ស្រី២នាក់។
ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន បានថ្លែងថា ការជួបគ្នានាពេលនេះ គឺជាលើកទី៤ហើយ ចាប់តាំងពីលោកបានមកកាន់តួនាទី ក្នុងយន្តការដឹកនាំខេត្តជាងពីរឆ្នាំមក។ លោកបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជានិច្ចជាកាលសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបានបញ្ជាក់ថា ក្នុងនាមអភិបាលខេត្ត និងក្នុងនាមជាប្រធានក្រុមគ្រួសារម៉ូតូឌុប ក្រុងពោធិ៍សាត់ លោកតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៤៧ម៉ឺននាក់ក្នុងខេត្តពោធិ៍សាត់ ហើយចាត់ទុក្ខថាជាសាច់ជាឈាម និងជាគ្រួសារតែមួយ ពេលជួបបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬជួបប្រទះនូវជំងឺដង្កាត់ផ្សេងៗ ដែលជាបញ្ហាប្រឈមដោះស្រាយមិនបាន លោកនឹងធ្វើការដោះស្រាយជូនដោយផ្ទាល់ និងទាន់ពេលវេលា។
ជាមួយគ្នានោះលោកសូមឲ្យបងប្អូនអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ជាចុងក្រោយ លោក ម៉ៅ ធនិន បានចែកជូនអាវឯកសណ្ឋាន ជូនបងប្អូនក្រុមគ្រួសារម៉ូតូឌុបទាំង៩០៧នាក់ ក្នុងម្នាក់ៗទទួលបានអាវ១ ដោយឡែកជនចាស់ជរា ពិការភាព និងស្ត្រីដែលរកស៊ីរត់ឌុបសរុប៤៤នាក់ ហើយលោកបានឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ៕