Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប៉ុស្ដិ៍ច្រាំងចំរេះ១ វាយខ្នោះជនញៀនថ្នាំម្នាក់ ក្រោយយកកាំបិតប័ុងតោកាប់ជនរងគ្រោះឲ្យរងរបួស

06-08-2016 11:31

(ភ្នំពេញ)៖ យុវជនម្នាក់ សង្ស័យបែកថ្នាំ បានយកកាំបិតប័ុងតោរត់សំដៅទៅកាប់លើជនរងគ្រោះ ដែលកំពុងបើកម៉ូតូ បណ្ដាលឲ្យរងរបួសដេរចំនួន៤ថ្នេរ​ ដោយមិនដឹងមូលហេតុ តែជាលទ្ធផលជនសង្ស័យត្រូវបាន ក ម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ចាប់ក្របួចវាយខ្នោះភ្លាមៗដើម្បីសួរនាំ។

លោក រឿន វន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថាករណីហិង្សានេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក រឿន វន បានឲ្យដឹងទៀតថា ជនត្រូវឃាត់ខ្លួនឈ្មោះ លី អ៉ីសារ ភេប្រុស អាយុ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១៣ ក្រុម២ ភូមិ១ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ។ រីឯជនរងគ្រោះឈ្មោះប៉ែន ចាន់តុលា ភេទប្រុស អាយុ១៦ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រងរបួសថ្ពាល់ខាងស្ដាំ ដេរចំនួន៤ថ្នេរ។

លោក រឿន វន បានបញ្ជាក់ថា បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូពីក្រោយឈ្មោះស៉ឹម សាទ្បេះ (អ្នកបើក) តាមបណ្តោយផ្លូវជាតិលេខ៥ លុះជិះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ ឈ្មោះលី អ៉ីសារ បានរត់ចេញពីផ្លូវលំសង្ស័យបែកថ្នាំ ដោយដៃកាន់កាំបិតមកកាប់លើជនរងគ្រោះ ចំថ្ពាល់ខាងស្ដាំបណ្តាលឲ្យរងរបួសហូរឈាម ដោយស្របពេលនិងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ច្រាំងចំរេះទី១ ដែលឈរជើងយាមល្បាត ក្បែរទីតាំងកើតហេតុបានអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដងដើម្បីសួរនាំ។

នាយប៉ុស្ដិ៍ដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនសួរនាំ ជនត្រូវសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេបាន ប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យក្នុងករណីហិង្សារួមជាមួយវត្ថុ តាងកាំបិត និងជាអ្នកប្រើប្រាស់នូវសារធាតុញៀនផងនោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ច្រាំងចំរេះទី១ ធ្វើការបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធីច្បាប់៕