(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី បានទូរស័ព្ទដោយផ្ទាល់ទៅកាន់សមភាគីចិន លោក Wang Yi ដើម្បីពិភាក្សាគ្នាអំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ទៅចូល រួមកិច្ចប្រជុំ G20 ក្នុងទីក្រុង Hangzhou ប្រទេសចិន ហើយក្នុងនោះបញ្ហាកូរ៉េខាងជើងក៏នឹងក្លាយជា ប្រធានបទក្តៅគគុកផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានចេញផ្សាយដូច្នេះថា «លោករដ្ឋមន្ត្រីអាមេរិក និង រដ្ឋមន្ត្រីការបរទេសចិនលោក Wang ក៏បានពិភាក្សាគ្នាផងដែរទៅលើការឆ្លើយតបដែលអាចទៅរួច ចំពោះការបង្កហេតុថ្មីៗនេះ ដោយប្រទេសកូរ៉េខាងជើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សប្តាហ៍នេះប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន ពីរគ្រាប់ដោយក្នុងនោះ មួយគ្រាប់បានធ្លាក់ទៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដែលវាមិនធ្លាប់កើតមាន នោះឡើយ។ ប្រការនេះបាននាំឲ្យប្រទេសជប៉ុនមានការខឹងសម្បារយ៉ាងខ្លាំង ហើយប្រទេសក្នុងតំបន់ ក៏កាន់តែមានការព្រួយខ្លាំងឡើងថែមទៀតដែរ ចំពោះមហិច្ឆិតារបស់កូរ៉េខាងជើង៕