(សិង្ហបុរី)៖ អនុវត្តតាមការចាត់តាំងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូសរុបចំនួន ៣រូប ចូលរួមក្នុងសន្និសីទស្ត្រីលើកទី១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ដោយមានសមាគមជាតិចូលរួមចំនួន១១ និងអ្នកចូលរួមសរុបប្រមាណ ៨០នាក់។
សន្និសីទនេះ ដំណើរការបានដោយមានការរៀបចំរួមដោយកាកបាទក្រហម សិង្ហបុរី និងសហព័ន្ធអន្តរជាតិ និងមានការអញ្ជើញចូលរួមថ្លែងបើកសុន្ទរកថា គន្លឹះដោយអគ្គលេខាធិការជាស្ត្រីនៃក្រសួងការបរទេសទទួលកិច្ចការអាស៊ាននៃប្រទេសសិង្ហបុរី ព្រមទាំងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ជាស្ត្រី មកពីវិស័យការទូត វិស័យឯកជន និងអង្គការ/សមាគមនាំមុខក្នុងប្រទេសសិង្ហបុរី។
ជាលទ្ធផលសំខាន់ៗនៃសន្និសីទស្ត្រីលើកទី១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ មានដូចតទៅ៖
* ថ្ងៃទី១៖ មានការពិភាក្សាជាក្រុម (panel discussions) ចំនួនបួន ដែលជាការបង្ហាញពីភាពជាអ្នកដឹកនាំ របស់ស្ត្រី ក្នុងវិស័យការទូត, ស្ត្រីក្នុងវិស័យឯកជន ចូលរួមការងារមនុស្សធម៌ជួយលើកកម្ពស់សហគមន៍, ស្ត្រីក្នុងវិស័យសុខាភិបាល ជួយក្នុងការងារ ស្វែងរកការគាំទ្រ ដើម្បីសកម្មភាពមនុស្សធម៌ និងភាពធន់សហគមន៍ និងស្ត្រីជាអ្នកដឹកនាំក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បំផុសគំនិតលើកកម្ពស់ដំណោះស្រាយមនុស្សធម៌។
ក្នុងកិច្ចពិភាក្សានេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមធ្វើជាវាគ្មិន រួមជាមួយអនុប្រធានសហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងអនុប្រធានកាកបាទក្រហម មីយ៉ាន់ម៉ា ដោយមានការសម្របសម្រួលដោយ អគ្គលេខាធិការកាកបាទក្រហមសិង្ហបុរី។
* ថ្ងៃទី២៖ សន្និសីទបានពិភាក្សាបន្ត លើគោលគំនិតចងក្រងបានចំនួន ៦ គឺ៖
១៖ គោលបំណងសម្រាប់លទ្ធផលមនុស្សធម៌ (Intent for humanitarian outcome)
២៖ ការធ្វើជាគំរូ (Role Model)
៣៖ ភាពជាអ្នកដឹកនាំចម្រុះ (Diverse Leadership)
៤៖ ការបង្កើតកាលានុវត្តន៍ភាព (Creating opportunities)
៥៖ ការដករបាំងរចនាសម្ព័ន្ធ (Removing structure baring)
៦៖ ការគាំទ្រពីមិត្តភ័ក្តិ និងបណ្តាញ (Peer Support and networking)
ជាមួយគ្នានេះ សន្និសីទស្ត្រីលើកទី១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក៏សម្រេចបានលទ្ធផលផ្តោតចំនួន ២មុខការ និងសកម្មភាពចំពោះមុខ ហើយដែលនឹងយកមកបង្ហាញ និងពិភាក្សាបន្ត ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ខាងមុខនេះផងដែរ៕