(តូក្យូ)៖ ពេលវេលាសម្រាប់ខួបទី ៧១ឆ្នាំ នៃការទទួលរងគ្រោះដោយគ្រាប់បែកបរមាណូក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន នោះជិតនឹងមកដល់ហើយ ដោយវាក៏ជាពេលដែលអតីតអធិរាជ នៃរាជាណាចក្រជប៉ុន ដែលធ្លាប់បង្កភាពវឹកវរក្នុងតំបន់មួយនេះ ធ្វើការកាឡៃពីការពិតនៃភាពឃោរឃៅរបស់ខ្លួន ទៅជាជនរងគ្រោះទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០១៦។
វាជារឿងដែលគួរឲ្យសង្វេគជាទីបំផុត ចំពោះជីវិតដែលគ្មានកំហុសរាប់សែននាក់ ដែលបានបាត់បង់ជីវិតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី កាលពី៧១ឆ្នាំមុន ដែលជាស្នាដៃរបស់អាមេរិក បានធ្វើការទម្លាក់គ្រាប់បែកបរមាណណូអំឡុងចុងសង្គ្រាមលោកលើកទីពីរនោះ។ ប៉ុន្តែជប៉ុនគួរចងចាំទុកក្នុងចិត្តថា ប្រជាជនស្លូតត្រង់ ដែលបាត់បង់ជីវិតនោះ គឺពិតណាស់ក៏ជាជនរងគ្រោះដោយសារតែសង្គ្រាម ដែល បានបង្កឡើងដោយប្រទេសជប៉ុនខ្លួនឯងផងដែរ។
ងាកទៅមើលប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ ប្រជាជនរាប់លាននាក់ ត្រូវបានសម្លាប់រង្គាលដោយគ្មានអាណិតអាសូរ និង ត្រូវជម្លៀសចេញពីស្រុក និងក្រុងដែលពួកគេរស់នៅដោយសារតែកងទ័ពចក្រពត្តិជប៉ុន បានធ្វើការឈ្លានពានប្រទេសចិន និង បណ្តាប្រទេសនៅអាស៊ីផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ធ្លាប់បាននិយាយថា «ជនរងគ្រោះ ដែលសមនឹងទទួលបានការអាណិតអាសូរ ប៉ុន្តែអ្នកប្រព្រឹត្តមិនអាចផ្តល់ភាពទទួលខុសត្រូវសូម្បីតែបន្តិចឡើយ»។
ពិតណាស់ក្នុងសង្គមជប៉ុនតាំងពីដើមរៀងមក តែងតែគិតថា ខ្លួនឯងជាជនរងគ្រោះ ដោយសារតែការទទួលរងគ្រាប់បែកបរមាណូនៅទីក្រុងពីរ។ មនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានគំនិតចេះស្វែងយល់ពីមូលហេតុពិតថា តើហេតុអ្វីបានជាទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ទទួលរងការបំផ្ទុះគ្រាប់បែក ហើយស្ថិតនៅក្នុងប្រទេសជប៉ុនតែមួយនោះ? តើវាជាលទ្ធផលរបស់ជប៉ុន ដែលត្រូវទទួលខុសត្រូវ ចំពោះសង្គ្រាមដែលខ្លួនបានប្រព្រឹត្តនៅ ពេលមុននិងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះឬ?
សោកនាដកម្ម នៃទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី រួមជាមួយនឹងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងរបស់ IJA ដែលបានប្រព្រឹត្តទៅលើបណ្តាប្រទេសនានា ជាឧទាហរណ៍មួយដ៏គួរឲ្យភ័យខ្លាច ដែលចក្រពត្តិយោធានិយមត្រូវទទួលលទ្ធផលចុងក្រោយ។ ទោះបែបនេះក្តីរដ្ឋាភិបាលជប៉ុនស្ទើរគ្រប់ជំនាន់បន្តបន្ទាប់ មិនដែលទទួលស្គាល់នោះឡើយ ហើយបែរជាព្យាយាមទាញយកផលប្រយោជន៍ពីការទម្លាក់គ្រប់បែកនៅហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដោយដង្ហោយប្រាប់គេឯងថា ខ្លួនជាជនរងគ្រោះដ៏ខ្លោចផ្សា។
នេះជាការរំលឹកឡើងវិញចំពោះ រដ្ឋាភិបាលជប៉ុនបច្ចុប្បន្ន ជាពិសេសរដ្ឋមន្ត្រីការពារជាតិថ្មី ដែលទើបឡើងកាន់តំណែងបានប៉ុន្មានថ្ងៃមកនេះ ហើយកំពុងព្យាយាមសំញែងរិទ្ធិអំណាចដាក់ប្រទេសជិតខាង ដែលខ្លួនធ្លាប់រំលោភបំពានកាលពីពេលអតីតកាលរួមទាំងការចង់ការបង្កើតអាវុធបរមាណូ ដែលខ្លួនធ្លាប់ទទួលរងភាពឈឺចាប់ដោយសារវាកាលពី ៧១ឆ្នាំមុននោះទៀត។
លោកស្រី Tomomi Inada តែងតែទៅគោរពវិញ្ញាណក្ខន្ធមិនដែលដាច់នោះទេ នៅស្តូបយ៉ាស៊ូគូនី ដែលដាក់តម្កល់ឈ្មោះទ័ពជប៉ុន ដែលបានស្លាប់ក្នុងសង្គ្រាម ហើយទង្វើនេះ គឺបង្ហាញច្បាស់ថារដ្ឋមន្ត្រីការពារថ្មីនេះ ស្រឡាញ់ភាពជាយោធានិយមដូចកាលពីអតីតកាលរបស់ជប៉ុន៕