(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងយកប្រព័ន្ធគាំពារសង្គម ជាការងារអទិភាពសម្រាប់អនុវត្ត ​ដើម្បីធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ រដ្ឋសភា នីតិកាលទី៧​ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបានថ្លែងថា «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា​ និងតាមរយៈរដ្ឋសភា​ ជូនដល់ជនរួមជាតិ និងសាធារណៈមតិទូទៅ នាពេលនេះ​ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជន ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

ឯកឧត្តមកិត្តិទេសាភិបាលបន្តថា តាមរយៈការដាក់​«កម្មវិធីនយោបាយ» ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលនឹង​ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត​ តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម​ ដែលរួមបញ្ចូលនូវ របបជំនួយសង្គម និង របបសន្តិសុខសង្គម​ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប​ជាពិសេស គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ​ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរង គ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។

ឯកឧត្តមកិត្តិទេសាភិបាលបន្ថែមថា «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត​ ហើយដែលខ្ញុំបានដាក់ជូនអង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តម នាពេលនេះ​ ពិសេស ដោយផ្តោតការយកចិត្តទុកដាក់លើ កម្មវិធីគោលនយោបាយ ជាអាទិភាព ទាំង៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៣នេះ រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល​

២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស​

៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន​

៤៖ ការដាក់ចេញ និង ការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ មានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ

៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ​៕